(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយពន្យល់ពាក់ព័ន្ធនឹងតួនាទី របស់ក្រសួងពាណិជ្ជកម្ម លើថ្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូល ធៀបនឹងថ្លៃលើទីផ្សារក្នុងស្រុក និងថ្លៃនៅប្រទេសជិតខាងប្រទេសកម្ពុជា។
ការចេញមកពន្យល់របស់ខ្លួនក្រសួងពាណិជ្ជកម្មនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះមានមតិមួយចំនួន បានលើកទ្បើងខុសការពិត ពាក់ព័ន្ធនឹងតួនាទីរបស់ក្រសួងពាណិជ្ជកម្ម លើថ្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូល។
ក្រសួងពាណិជ្ជកម្មបន្តថា ដោយហេតុថា មតិសាធារណៈមួយចំនួនមិនបានឆ្លុះបញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងពាណិជ្ជកម្មសូមបំភ្លឺជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដូចខាងក្រោម៖
*ទី១៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមានកំណត់ក្នុងច្បាប់ ហើយត្រូវយកចិត្តទុកដាក់ជួយដោះស្រាយ មធ្យោបាយផលិតកម្ម ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។ ផ្អែកតាមគោលការណ៍គ្រឹះនេះ ក្រសួងពាណិជ្ជកម្មបានចរចាបើកច្រកទីផ្សារ ក្រៅប្រទេសដោយមិនចាំបាច់បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារ ឱ្យមានការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និងទំនិញនានា ដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយដែលគ្មានកំណត់ក្នុងច្បាប់នោះឡើយ។ ជាទូទៅការអនុវត្តយន្តការផ្សារសេរីនេះ ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ានផងដែរ។ ក្នុងករណីប្រទេសណាមួយដាក់វិធានការរិតត្បិត លើការនាំចូលណាមួយ ប្រទេសនោះត្រូវកំណត់នៅក្នុងលិខិតបទដ្ឋានច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះដោយមានតម្លាភាព និងកំណត់នីតិវិធីច្បាស់លាស់។
*ទី២៖ ដោយឡែក ការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្មស្របតាមច្បាប់ និងអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណអនុញ្ញាតការនាំចូលជ្រូក ពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មទ្បើយ។ ការធ្វើតុល្យភាពនៃសេចក្តីត្រូវការក្នុងស្រុកជាមួយនឹងផលិតកម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូលក្នុងបរិមាណណាមួយ គឺជាសិទ្ធិសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៧ អនក្រ.បក។
*ទី៣៖ ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និងវិធានការណាមួយសម្រាប់គ្រប់គ្រងតម្លៃទំនិញ (price control) នាំចូល ឬទំនិញដែលធ្វើចរាចរក្នុងទីផ្សារកម្ពុជា នោះទ្បើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ។ លើកលែងតែ ក្នុងករណីមានរបាយការណ៍ស៊ើបអង្កេតដែលអាចបញ្ជាក់បានថា មានមុខទំនិញនាំចូលជាក់លាក់ណាមួយ ត្រូវបានលក់បង្ខូចថ្លៃ (លក់ទាបជាងថ្លៃដើមផលិតកម្ម) ឬមានការធ្វើឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញនាំចូលនោះត្រូវបាននាំចូលដោយមានការកើនទ្បើងដោយគំហុកនោះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការស៊ើបអង្កេត និងឈានទៅអនុវត្តវិធានការនានា រួមទាំងការកំហិតបរិមាណ និងដំឡើងពន្ធនាំចូលផងដែរ ដូចមានចែងក្នុងច្បាប់ជាធរមាន សំដៅការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានមកលើកសិករ ឬឧស្សាហកម្មកម្ពុជា។
*ទី៤៖ សូមបញ្ជាក់ជូនផងដែរថា ពាក់ព័ន្ធនឹងការបោះផ្សាយនូវសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ៍នានា ដែលក្រសួងពាណិជ្ជកម្មបាននិងអនុវត្តកន្លងមក មិនមែនជាការកំណត់ថ្លៃលក់រាយ នៃប្រេងឥន្ធនៈនៅកម្ពុជានោះទេ តែនេះគឺជាយន្តការមួយ ដែលជួយផ្សព្វផ្សាយដោយតម្លាភាពនូវការឡើងចុះនៃថ្លៃនៃប្រេងឥន្ទនៈ ដែលមានការប្រែប្រួល រត់តាមការប្រែប្រួលថ្លៃនៃប្រេងឥន្ទនៈនៅក្នុងទីផ្សារអន្តរជាតិ ដោយក្រសួងគ្រាន់តែយកកត្តានានាទាក់ទងនឹងថ្លៃ មកគណនាតាមរូបបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជនជ្រាបអំពីថ្លៃប្រេងឥន្ទនៈ ដែលក្រុមហ៊ុនប្រេងក្នុងស្រុកកំពុងប្រកបអាជីវកម្មនៅកម្ពុជាតែប៉ុណ្ណោះ។
*ទី៥៖ ចំពោះការធ្វើសន្ទស្សន៍ថ្លៃទំនិញចរាចរក្នុងទីផ្សារកម្ពុជាជាប្រចាំ ក្រសួងពាណិជ្ជកម្មមានភារកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រឹមតែស្រង់សន្ទស្សន៍ថ្លៃទំនិញទូទៅ ដើម្បីប្រើប្រាស់ជាស្ថិតិសម្រាប់ការងារស្រាវជ្រាវ ការវិភាគ និងតាមដានអត្រាអតិផរណា សំដៅដាក់ចេញនូវវិធានការណាមួយ ដែលអាចជួយសម្រួលដល់លំហូរទំនិញនៅក្នុងស្រុក និងនាំចេញ-នាំចូល តាមយន្តការទីផ្សារសេរីតែប៉ុណ្ណោះ។
*ទី៦៖ ពាក់ព័ន្ធនឹងសំណូមពរ ឱ្យមានយន្តការសម្រាប់ស្រង់ និងសម្របសម្រួលលើបរិមាណ និងថ្លៃលក់មុខទំនិញយុទ្ធសាស្រ្តណាមួយ នៅលើទីផ្សារ នោះក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឱ្យមានកិច្ចប្រជុំពិភាក្សាក្រោមក្របខ័ណ្ឌ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលលើបញ្ហានេះ៕