(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon នឹងត្រូវធ្វើការប្រកួត បង្រ្គប់កិច្ច ទល់នឹងក្រុមជម្រើសជាតិស៊ីរី ក្នុងទឹកដីកណ្តាលនៃប្រទេសអូម៉ង់ នាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ខណៈដែលនៅអូម៉ង់ម៉ោង ៨៖០០នាទីយប់ថ្ងៃទី២៤ មីនា នៅកីឡដ្ឋាន Al-Seeb Stadium ដែលមានលោកអាជ្ញាកណ្តាលជនជាតិអូស្រ្តាលី Chris Beath ជាអ្នកកាត់ក្តី នេះបើយោងតាមគេហទំព័រ FIFA ។
នេះជា១ប្រកួតចុងក្រោយសម្រាប់ជម្រើសជាតិកម្ពុជា ដែលបានចាកចេញពីមាតុប្រទេសទៅកាន់អូម៉ង់ព្រឹកម្សិលមិញ ដើម្បីបញ្ចប់ជើងទី២ វគ្គជម្រុះក្នុងពូល E នៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ក្រោយពីជើងទី១ បានលេងចាញ់ស៊ីរី ៦-០ នៅកីឡដ្ឋានអូឡាំពិកកម្ពុជា នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ ។
កម្ពុជា ធ្វើមិនបានល្អសោះ ក្នុងវគ្គជម្រុះជុំទី២ ប្រចាំតំបន់អាស៊ី ក្នុងចំណោម៥ក្រុមចាប់ឆ្នោតស្ថិតក្នុងពូល E ជាមួយគ្នា រួមមាន កម្ពុជា សិង្ហបុរី អាហ្វហ្គានីស្ថាន ស៊ីរី និងជប៉ុន ដោយធ្លាប់ចាញ់គ្រប់ក្រុមទាំងអស់ សូម្បីតែស្មើក៏គ្មាន ឈរនៅបាតតារាងក្នុងពូល និងអាចស៊ុតបញ្ចូលទីគេបានតែ១គ្រាប់ប៉ុណ្ណោះ ពេលលេងចាញ់ម្ចាស់ផ្ទះសិង្ហបុរី ២-១ កាលពីអំឡុងថ្ងៃភ្ជុំបិណ្ឌ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ក្នុងជើងទី២ បន្ទាប់ពីបរាជ័យ ៤-០ នៅកីឡដ្ឋានអូឡាំពិក នាថ្ងៃបើកឆាក ។
«ការពារ វាយសម្រុក និងខិតខំលេងឲ្យអស់ពីសមត្ថភាព» ជាយុទ្ធសាស្រ្តចុងក្រោយដែលលោក Lee បានប្រាប់ភ្នាក់ងារ Fresh News មុនចេញដំណើរព្រឹកម្សិលមិញនេះ បើទោះបីជាគ្មានវត្តមានកីឡាករសំខាន់ៗដូចជា រស់ សំអឿន, ទូច បញ្ចរ៉ុង, កុក បូរីស អ្នកចាំទី ស៊ូ យ៉ាទី និងខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា ក៏ដោយ៕