(ភ្នំពេញ)៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យនិងអាជ្ញាធររបស់យើង ស្ម័ក្រចិត្តព្យាបាលតាមផ្ទះកាន់តែច្រើន។

បន្ថែមពីនេះលោក ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរខណ្ឌបន្តចុះត្រួតពិនិត្យ រិតបន្តឹងការគ្រប់គ្រងការជួបជុំ ការលួចបើក ទីតាំងម៉ាស្សា KTV និងកន្លែងសប្បាយភាពផ្សេងៗទៀត។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងតាមរយះកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជុំវិញការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះតាមប្រព័ន្ធ Video Conference នាល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អ ហើយត្រូវបានប្រជាពលរដ្ឋស្ម័ក្រចិត្តចូលរួមក្នុងការព្យាបាលតាមផ្ទះនេះកាន់តែច្រើនឡើង។ ដូច្នេះ អ្វីដែលត្រូវអនុវត្តនោះ គឺអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះនេះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើង»

ជាមួយគ្នានេះដែរ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះខណ្ឌនីមួយៗ ត្រូវបង្កើតឱ្យមានទីបញ្ជាការស្រាល១កន្លែង ក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាជួយអន្តរាគមន៍ ប្រជាពលរដ្ឋពេលមានបញ្ហាអ្វីមួយ ហើយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ក៏ត្រូវតែនៅក្នុងទីបញ្ជាការស្រាលនេះដែរ ពោលគឺនៅពេលមានបញ្ហាអ្វីយើងអាចជួយសូវ៉េ បានទាន់ពេលវេលាមិនគ្រោះថ្នាក់ដល់អាយុជីវីត។

លោក ឃួង ស្រេង បានបន្តថា ចំពោះអ្នកដែលពិនិត្យរកឃើញថាមានវិជ្ជមានជំងឺកូវីដ១៩ និងបានសម្រេចចិត្តព្យាបាលនៅតាមផ្ទះហើយ តែបែជាល្មើសនឹងច្បាប់ដោយលួចចេញមកខាងក្រៅ និងបានចម្លងដល់អ្នកដទៃថែមទៀតនោះ អ្នកនោះក្រោយពីព្យាបាលជម្ងឺបានជាសះស្បើយហើយនឹងចាប់មកទទួលទោសទៅតាមផ្លូវច្បាប់ធ្ងន់ធ្ងរ ដោយមិនមានការលើកលែងឡើយ។

ចំណែកលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំនោះ ក៏បានពន្យល់ថា ចំពោះអ្នកដែលរកឃើញ មានវិជ្ជមានជំងឺកូវីដ១៩ ហើយស្ម័ក្រចិត្តព្យាបាលតាមផ្ទះ ត្រូវព្យាបាលឱ្យបាន១៣ថ្ងៃ។ ក្នុងថ្ងៃទី១៣នេះ គ្រូពេទ្យត្រូវទៅយកសំណាកបន្តទៀត។ នៅពេលពិនិត្យយកសំណាកនោះ បើទោះបីជារកឃើញ ឬរកមិនឃើញជំងឺកូវីដ១៩ ក៏ដោយ ក៏ត្រូវតែបន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃបន្តទៀត មិនអាចចេញក្រៅបានទេ៕