(កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក ដែលជាស្រុកពៅគេប្រចាំខេត្តកំពង់ធំនោះ បន្តទទួលបានជំនួយថវិកា និងគ្រឿងឧបភោគ-បរិភោគបន្ថែមទៀតពីសប្បុរសជន ដើម្បីប្រើប្រាស់ឱ្យចំតម្រូវការក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ខណៈយុទ្ធនាការនេះបាននិងកំពុងប្រព្រឹត្តទៅរយៈពេល ៩ ថ្ងៃមកហើយ។
ពិធីប្រគល់ទទួលជំនួយឧបត្ថម្ភខាងលើនេះធ្វើឡើងនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រោមវត្តមានលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសប្បុរសជនម្ចាស់ជំនួយ រួមមាន៖
* លោក លី គីមឆេង និងភរិយា ដែលជាម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈរំលង ឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១៥០ យួរ ភេសជ្ជៈចំនួន ៥០ កេស ព្រមទាំងថវិកា ២ លានរៀល ។
* ព្រឹទ្ធាចារ្យ តែ កុកអេង និងភរិយា មានទីលំនៅភូមិរំចេក ឃុំទ្រៀល បានឧបត្ថម្ភថវិកា ៥,៥០០,០០០ រៀល សម្រាប់ទូទាត់ថ្លៃភ្លើង និងឧបករណ៍អគ្គិសនីក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀល។
នាឱកាសនោះ លោកអភិបាល ហាក់ ម៉ុងហួត បានថ្លែងអំណរគុណចំពោះលោក លី គីមឆេង និងក្រុមគ្រួសារ ដែលបានចូលរួមឧបត្ថម្ភជំនួយថវិកា និងគ្រឿងឧបភោគ-បរិភោគដល់រដ្ឋបាលស្រុក និងបានកោតសរសើរចំពោះទឹកចិត្តដ៏ជ្រះថ្លានេះ។ លោកក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនដទៃទៀតផងដែរ ដែលតែងតែបានចូលរួមជួយឧបត្ថម្ភថវិកា គ្រឿងឧបភោគ-បរិភោគ តាំងពីដើមរៀងមក ដើម្បីរួមចំណែកទ្រទ្រង់ដល់សកម្មភាពសប្បុរសធម៌របស់រដ្ឋបាលស្រុក ពិសេសក្នុងពេលប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោកបានបន្តថា នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ គឺរដ្ឋបាលស្រុកទទួលបានជំនួយឧបត្ថម្ភ មានទាំងថវិកា សម្ភារបរិក្ខារ គ្រឿងឧបភោគ-បរិភោគជាដើម ដើម្បីរួមចំណែកជាមួយរាជរដ្ឋភិបាលសម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក និងផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក។ តួយ៉ាង នាពេលថ្មីៗនេះ លោករដ្ឋមន្ត្រី ថោង ខុន ក្នុងនាមប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈជូនដល់រដ្ឋបាលស្រុកផងដែរ ដើម្បីប្រើប្រាស់ក្នុងការផ្គត់ផ្គង់ដល់ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
គួរជម្រាបថា រដ្ឋបាលខេត្តកំពង់ធំបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដោយជំហានដំបូងនេះរដ្ឋបាលខេត្តបានសម្រេចចាក់ជូនពលរដ្ឋនៅក្នុងក្រុង-ស្រុកចំនួន ៤ សិន ក្នុងនោះរួមមាន ក្រុងស្ទឹងសែង ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក។ យុទ្ធនាការនេះធ្វើឡើងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១២-២៥ ខែកក្កដា ឆ្នាំ២០២១។
ក្នុងពេលដឹកនាំអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកតាំងគោកនេះដែរ លោកអភិបាល ហាក់ ម៉ុងហួត បានដឹកនាំរៀបចំគ្រប់កិច្ចការជាច្រើន ដូចជា ការសម្រួលមធ្យោបាយ រៀបចំទីតាំង សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង ព្រមទាំងតម្រូវការចាំបាច់មួយចំនួនទៀត។ ចំណែកប្រជាពលរដ្ឋក៏បានភាពងាយស្រួល និងពេញចិត្តចំពោះការយកចិត្តទុកដាក់របស់ក្រុមការងារនេះផងដែរ
ក្នុងនាមរដ្ឋបាលស្រុក និងប្រជាពលរដ្ឋក្នុងស្រុកតាំងគោក លោក ហាក់ ម៉ុងហួត បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកតាំងគោក ពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ គឺមិនខ្វះសូម្បីម្នាក់ឡើយ។ ការគិតគូរចំពោះប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់បែបនេះ គឺធ្វើប្រជាពលរដ្ឋនៅក្នុងស្រុកតាំងគោក នៃខេត្តកំពង់ធំនេះ កាន់ផ្ដល់ការគាំទ្រចំពោះសម្ដេចតេជោតទៅមុខទៀត។
លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត សុខ លូ ផងដែរ ដែលតែងតែយកចិត្តទុកដាក់ទំនុកបម្រុងទាំងធនធាន និងស្មារតី ចំពោះរដ្ឋបាលស្រុក និងប្រជាពលរដ្ឋក្នុងស្រុកតាំងគោកនេះ ជាក់ស្ដែងដូចជាការរៀបចំឱ្យមានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តនេះជាដើម។
លោកអភិបាលស្រុកតាំងគោក បានប្ដេជ្ញាចិត្តបន្តបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមគោលនយោបាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអនុសាសន៍ទាំងឡាយទាំងពូងរបស់លោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត សុខ លូ ដែលជាថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីឱ្យរដ្ឋបាលស្រុកមួយនេះស័ក្តិសមជាអ្នកបម្រើរាស្ត្រ ប្រកបដោយការទទួលខុសត្រូវ៕