(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនាៗ ក្នុងវត្តខ្ពបអណ្តែត ហៅវត្តក្របៅ និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង១៥០០នាក់ ក្នុងសង្កត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងនូវកាកោតសរសើរ ដល់លោកអិបាលក្រុងតាខ្មៅ ចៅសង្កាត់ និងព្រះចៅអធិកាវត្តខ្ពបអណ្តែត ហៅ វត្តក្របៅ ដែលបានខិតខំ យកចិត្តទុកដាក់កសាង អភិវឌ្ឍន៏នូវសមិទ្ធផលនាៗ ជាច្រើនដូចពេលនេះ។
ជាមួយគ្នានោះដែរ គណៈអធិបតីបានលើកឡើងពី ប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុត ដែលប្រជាពលរដ្ឋកម្ពុជាបានជួប ប្រទះក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយសម័យនោះពុំមាន គណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមក សង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបីទេ ដែលខិតខំតស៊ូ ហ៊ាន ប្តូរ ជីវិត សាច់ស្រស់ ឈាមស្រស់ ដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ រហូតធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព សេ្ថរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះបងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងវិស័យ ពុទ្ធចក្រនិងអាណាចក្រ។ ហើយថ្មីៗនេះដើម្បីដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋឱ្យកាន់តែមានឆាប់រហ័ស និងមានប្រសិទ្ធិភាព សម្តេចបាន ណែនាំគ្របស្ថាប័នទាំងអស់ ត្រូវតាមដានការបញ្ចេញមតិ របស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្តេច។
នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះភូមិ សង្កាត់ ក្រុងដែលបានយកចិត្តទុកដាក់ដោះស្រាយកង្វល់ក៏ដូច ជាសំណូមពរនានា របស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តាំផ្ញើត្រូវខិតខំបន្ថែមទៀត ក្នុងការដោះស្រាយកង្វល់ទាំងនេះ ព្រោះមានតែភូមិ សង្កាត់ ក្រុងនេះហើយដែលនៅក្បែប្រជាពលរដ្ឋ ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋច្បាស់។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់តាជីយាយជី ក្រុមយុវជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភ រទេះរុញ មួយគ្រឿង និង ម៉ូតូកង់បី មួយគ្រឿងប្រគេន អតីតៈព្រះចៅអធិការវត្តខ្ពបអណ្តែត និងបានប្រគេនបច្ច័យ ដល់វត្តខ្ពបអណ្តែត ហៅវត្តក្របៅ ចំនួន២០លានរៀល សម្រាប់បន្តកសាងសមិទ្ធផល ដែលនៅសេសសល់បន្ត៕