(ព្រៃវែង)៖ ប្រជាជនរស់នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទទួលបានស្រូវជាមធ្យម៤តោនកន្លះក្នុងមួយឆ្នាំ ដោយសារពួកគាត់មានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ ដែលអាចស្រោចស្រពស្រែចម្ការខួបប្រាំង ខួបវស្សា ដូចសុភាសិតខ្មែរបានពោលថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»។

ក្នុងដំណើរអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត និងស្រែចម្ការរបស់ប្រជាកសិកររស់នៅឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោក ជាម ប៉េអា តំណាងរាស្ត្រខេត្តព្រៃវែង បានលើកឡើងថា នយោបាយទឹក គឺជាយុទ្ធសាស្រ្តគន្លឹះអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការធានាសុវត្ថិភាពស្បៀង និងបង្កើនសេដ្ឋកិច្ចគ្រួសារក្នុងការកាត់បន្ថយភាពក្រីក្រ។

អមដំណើរដោយអាជ្ញាធរមូលដ្ឋានស្រុកក្នុងឱកាសនេះ តំណាងរាស្ត្រខេត្តព្រៃវែង បានថ្លែងថា ប្រជាជននៅស្រុកស៊ីធរកណ្តាល បានទទួលផលប្រយោជន៍យ៉ាងច្រើន ពីយុទ្ធសាស្ត្រនេះតាមរយៈគម្រោងអភិវឌ្ឍន៍ដ៏ទំនើប ដោយប្រើម៉ូទ័រមូបទឹកខ្នាតធំ ហើយបូមពេលយប់តម្លៃអគ្គិសនីថោក ហើយបូមទឹកបានច្រើនតាមរយៈប្រឡាយមេជាង៨គីឡូម៉ែត្រ។

លោកបានបញ្ជាក់ទៀតថា លទ្ធផលស្រូវជាមធ្យម៤តោនកន្លះ គឺកើតចេញពីនយោបាយទឹកក្នុងមូលដ្ឋាន ដែលប្រជាពលរដ្ឋសូមអរគុណបិតាសន្តិភាព៕