(ភ្នំពេញ)៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៩ ពោលគឺកាលពី ៤៣ឆ្នាំមុននោះ នាយឧត្តមសេនីយ៍ សៅ សុខា មានតួនាទីជា «នារសារមេបញ្ជាការអង្គភាព៥៧៨» ប៉ុន្តែដោយសារគាត់ជាបុគ្គលមួយរូប ដែលមានស្នាដៃល្អ ចំពោះការងារបម្រើជាតិមាតុភូមិ គាត់ក៏ត្រូវបានផ្តល់តួនាទីជាបន្តបន្ទាប់ មុនក្លាយជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នេះជាសំណេររបស់ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានសរសេរអត្ថបទមួយ ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
ស្អែកនេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៨ មកដល់បច្ចុប្បន្នឆ្នាំ២០២១ គុណគូរបូកដក ស្មើនឹង៤៣ឆ្នាំ។ ពិតណាស់ ៤៣ឆ្នាំហើយ នាពេលនោះមានតួនាទី ជានារសារមេបញ្ជាការអង្គភាព៥៧៨ ក្រោយមកដោយសារការ ប្រតិបត្តិតួនាទី ភារកិច្ច មានការទទួលខុសត្រូវ ស្មោះត្រង់ សម្រេចកិច្ចការងារធំៗ ត្រូវបានតែងតាំងមុខដំណែងជាបន្តបន្ទាប់ ហើយក៏ត្រូវបានចាត់តាំងឱ្យទៅបណ្តុះបណ្តាលសិក្សានៅប្រទេសវៀតណាម ទៅសហភាពសូវៀត ផ្នែកវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈផងដែរ។
គាត់ជាប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការចាត់តាំង អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៩។ ហើយពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ គាត់ត្រូវបានប្រគល់មុខដំណែងដ៏សំខាន់មួយ ធ្វើកិច្ចការងារជាមួយបរទេស ចូលរួមអនុវត្តកិច្ចព្រមព្រៀងប៉ារីសស្តីពីកម្ពុជា គឺមានមុខតំណែងជាប្រធានក្រុមយោធាចម្រុះ ភាគីរដ្ឋកម្ពុជា ប្រចាំទិសខេត្តកំពង់ធំ។
ក្នុងអំឡុងឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់បច្ចុប្បន្ន គឺឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា៕