(ភ្នំពេញ)៖ ឱសថបុរាណចិន «LIANHAU GINGWEN» ដែលក្រសួងសុខាភិបាលកម្ពុជា ប្រកាសឱ្យចរាចរលើទីផ្សាររបស់កម្ពុជាកាលពីខែមេសាកន្លងទៅនោះ ក៏ត្រូវបានក្រសួងសុខាភិបាលយកមកប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា ឱសថនេះ គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀត ដែលរាជរដ្ឋាភិបាលខិតខំស្វះស្វែងរក ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩។

ឱសថបុរាណចិន Lianhua Qingwen ត្រូវបានអះអាងថា ដោយក្រុមហ៊ុនឱសថបុរាណចិនថា មានមុខងារព្យាបាលដូចជា បន្សាបជាតិពុល និងបញ្ចុះកំដៅពីក្នុងសួត។ វាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ គ្រុនក្តៅ ឈឺសាច់ដុំ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតបំពង់ក ឬឈឺបំពង់ក អណ្តាតឡើងពណ៌ក្រហមជាដើម។

ក្នុងឱកាសយករង្វាន់លើកទឹកចិត្តសម្រាប់អ្នកចាក់វ៉ាក់សាំងទី៦លាន នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ឱសថបុរាណចិន LIANHAU GINGWEN អាចជួយសម្រាលរោគសញ្ញាដូចជាក្ដៅខ្លួន, ក្អក, ផ្ដាសសាយ, ឈឺបំពង់ក, តឹងច្រមុះ ដើម្បីទប់កុំឱ្យស្ថានភាពជំងឺមានការវិវត្តន៍ធ្ងន់ធ្ងរ។ ក្នុងករណីឱសថនេះជួយដល់ផ្លួវដង្ហើម ជួយដល់ស្ថានភាព នៃការផ្ដាសសាយរបស់អ្នកជំងឺ ដូច្នេះសរីរាង្គរបស់មនុស្សនឹងមានការឆ្លើយតបមួយល្អប្រសើរ ហើយអ្នកជំងឺអាចវិវត្តន៍ទៅរកការជាសះស្បើយផងដែរ។

ឆ្លើយតបនឹងការរិះគន់របស់ប្រព័ន្ធផ្សព្វផ្សាយលើចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលយកឱសថបុរាណនេះ មកព្យាបាលអ្នកជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការប្រើប្រាស់ឱសថបុរាណចិន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ។

លោកស្រី បានអះអាងថា ឱសថនេះបានប្រើប្រាស់ដំបូងនៅប្រទេសចិន ពេលមានអ្នកជំងឺកូវីដ១៩ ឆ្លងទ្រង់ទ្រាយធំនៅទីនោះ ហើយក៏មានការធូរស្បើយមួយចំនួនធំ។ ឱសថនេះ ក៏មានការប្រើប្រាស់នៅប្រទេសប្រេស៉ីល, ហ្វីលីពីន, ឥណ្ឌូនេស៉ី, កាណាដា, ម៉ូហ្ស៉ាំមិច, រ៉ូម៉ានី, ថៃ, ឡាវ និងសិង្ហបុរីជាដើម។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការប្រើឱសថនេះ ជាវិធីសាស្ត្រក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ១៩ ដោយមានការគិតពិចារណាខ្ពស់ មិនមែនជាការប្រើប្រាស់ប្រថុយប្រថាន ដូចការលើកឡើងរបស់ជនមួយចំនួននោះឡើយ។

«នេះគឺជាវិធីសាស្ត្រក្នុងចំណោមវិធីសាស្ត្រផ្សេងៗទៀត ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានខិតខំស្វះស្វែងរកអស់លទ្ធភាពរបស់ខ្លួន ដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ។ មិនមែនធ្វើដើម្បីសម្លាប់ប្រជាពលរដ្ឋទេ»។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន។

លោកស្រី ឱ វណ្ណឌីន ក៏បានផ្ដល់ដំបូន្មានមួយចំនួនលើការប្រើប្រាស់ឱសថនេះផងដែរ។ បើតាមលោកស្រី ឱ វណ្ណឌីន សម្រាប់អ្នកវិជ្ជមានជំងឺកូវីដ១៩ មនុស្សធំ ប្រើម្ដង ៤គ្រាប់ ហើយមួយថ្ងៃ ៣ដង។ អាចប្រើបានក្នុងកម្រិតពី ៧ថ្ងៃ ទៅ ១០ថ្ងៃប៉ុណ្ណោះ មិនអាចប្រើយូរជាងនេះបានទេ។ ដោយឡែកកូនក្មេង មិនមានការណែនាំឱ្យប្រើប្រាស់នោះទេ តែបើប្រើ គឺប្រើត្រឹមកម្រិតទាបបំផុត។

លោកស្រីផ្តល់ដំបូន្មានបន្តថា ក្នុងករណីអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ឬមានបញ្ហាអ្វីកើតឡើងនៅពេលប្រើប្រាស់ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំសាកល្បងព្យាបាលដោយគ្មានការពិគ្រោះជាមួយក្រុមគ្រូពេទ្យ៕