ស្នងការខេត្តដឹកនាំប្រជាពលរដ្ឋ និមន្តព្រះសង្ឃរាប់បាត ចំនួន១០៨អង្គ បួងសួងសុំសេចក្តីសុខ នៅរង្វង់មូលស្រីគ្រប់លក្ខណ៍
23-03-2016 12:46
(បន្ទាយមានជ័យ)៖ នៅរង្វង់មូលស្រីគ្រប់លក្ខណ៍ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នេះអាជ្ញាធរ និងប្រជាពលរដ្ឋរាប់ពាន់នាក់ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តើមធ្វើបុណ្យបួងសួងសុំសេចក្តីសុខ និងសេចក្តីចំរើនដើម្បី អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនៅថ្ងៃខាងមុខនេះ។
ក្នុងពិធីបួងសួងសុំសេចក្តីសុខ មានការចូលរួមលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគបាលខេត្ត លោកស្រី ចាន់ ថេង អភិបាលក្រុងសិរីសោភ័ណ និងប្រជាពលរដ្ឋរាប់ពាន់នាក់ បានចូលរួមសុំសេចក្តីសុខនេះ ហើយពិធីបុណ្យបួងសួងនេះផ្តួចផ្តើមឡើង ដោយអ្នកស្រី នួម គឹមចៀន គាត់រស់នៅជិតរង្វង់មូលស្រីគ្រប់លក្ខណ៍តែម្តង។
ក្នុងពិធីនោះ អ្នកស្រី នួន គឹមចៀន បានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា ជិតចូលឆ្នាំខ្មែរមកដល់ជាប្រពៃណីនៅតាមភូមិ នីមួយៗ គេតែងតែធ្វើពិធីបុណ្យភូមិគ្រប់ភូមិ ដើម្បីសុំសេចក្តីសុខ និងសេក្តីចំរើនផងដែរ។ អ្នកស្រីបន្តថា ដូច្នេះអ្នកស្រីបានមូលមតិគ្នា ជាឯកច្ឆ័ន្ទផ្តើមធ្វើបុណ្យបួងសួងសុំសេចក្តីសុខ និងសេចក្តីចំរើនដល់ប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណទាំងអស់នៅរង្វង់មូល ស្រីគ្រប់លក្ខណ៍ នេះតែម្តង ព្រោះរយះពេលកន្លងមកក្នុង ខេត្តបន្ទាយមានជ័យនេះ ជួបគ្រោះធម្មជាតិជាច្រើនដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះភ្លើងឆេះផ្ទះ គ្រោះថ្នាក់ចរាចរណ៍ ពិសេសគ្រោះថ្នាក់ខ្យល់កន្រ្តាក់។ គ្រោះថ្នាក់ទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋ រាប់ម៉ឺននាក់ ជួបការលំបាកយ៉ាងខ្លាំងដូចជា ស្លាប់មនុស្ស ស្លាប់សត្វ ផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នង ត្រូវបានបំផ្លាញដោយសារខ្យល់ កន្ត្រាក់នេះតែម្តង។
អ្នកស្រីបានបញ្ជាក់ទៀតថា ក្រោយពីធ្វើពិធីបួងសួងដេញឧបទ្រព្យចង្រៃទាំងពួងរួចមក អ្នកស្រីសង្ឃឹមថាប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ និងបានសេចក្តីសុខនិងសេចក្តីចំរើនគ្រប់ៗគ្នា។ នៅចុងបញ្ចប់កម្មវិធិក៏មានធ្វើ ពិធីរាប់បាត្រដែលមាន ព្រះសង្ឃចូលរួមរាប់បាត្រ ចំនួន១០៨អង្គផងដែរ៕