(ភ្នំពេញ)៖ លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានចុះហត្ថលេខាទទួលអំណោយពីលោកស្រី Shu Chen Couldrake ប្រធានក្រុមហ៊ុនចិន និងស្វាមី នូវទឹកប្រាក់មួយចំនួន ដើម្បីកសាងអគារសិក្សា២ខ្នង មានចំនួន១២បន្ទប់ បន្ទប់ទឹក៤ និងអណ្តូងទឹកចំនួន២០ ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ លោក នាង សំរិតកុមារ បានជួបពិភាក្សាការងារជាមួយលោកស្រី Shu Chen Couldrake ប្រធានក្រុមហ៊ុន Shanghai Biaoheng Construction Co,Ltd, ក្រុមហ៊ុន Shanghai ZheWei Construction Service Co.,Ltd និងក្រុមហ៊ុន Shanghai ASLF Trenchless Engineering Co.,Ltd ដើម្បីបន្តកិច្ចសហការ និងប្រតិបត្តិការកាន់តែប្រសើរ ជាពិសេសជាការស្វែងយល់កាន់តែខ្លាំង ចំពោះការចូលរួមចំណែកការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។

កាលពីនៅក្នុងជំនួបពិភាក្សាគ្នានោះ លោកស្រី Shu Chen Couldrake និងមានស្វាមីជាជនជាតិអង់គ្លេស មានបំណងជួយឧបត្ថម្ភដល់ស្រុកស្អាង ខេត្តកណ្តាល នៅអគារសិក្សា, បន្ទប់ទឹក និងអណ្តូងស្នប់ជាដើម។ ជាមួយគ្នានេះ លោកស្រី ក៏មានបំណងផ្តល់ថវិកាមួយចំនួន សម្រាប់ទិញម្ហូបអាហារដល់សិស្សានុសិស្សនៅពេលសម្ភោធអគារសិក្សាផងដែរ។

បន្ទាប់មក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ក៏បានរៀបចំពិធីចុះហត្ថលេខាទទួលអំណោយពីលោកស្រី Shu Chen Couldrake ដើម្បីកសាងអគារសិក្សារ ២ខ្នង មានចំនួន ១២បន្ទប់ បន្ទប់ទឹក៤ និងអណ្តូងទឹកចំនួន២០ ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាលតែម្តង។

នាឱកាសនោះដែរ លោក នាង សំរិតកុមារ តាងនាមឱ្យលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានវាយតម្លៃ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Shu Chen Couldrake និងស្វាមី ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់សាលារៀន បន្ទប់ទឹក អណ្តូងទឹកសម្រាប់ឱ្យសិស្សានុសិស្សកម្ពុជា បានសិក្សារៀនសូត្រ និងប្រើប្រាស់នៅស្រុកស្អាង ខេត្តកណ្តាលនេះ គឺបានចូលចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា។

បើតាមលោក សំរិតកុមារ, លោកស្រី Shu Chen Couldrake ដែលមានស្វាមីជាជនជាតិអង់គ្លេស កន្លងមកលោកស្រី បានជួយសង់សាលារៀនដល់ប្រទេសជាច្រើនដូចជា៖ ប្រទេសនេប៉ាល់ និងអាហ្រ្វិក ជាដើម។ល៕