(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាប់ផ្តើមបើកយុទ្ធនាការធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ លើថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់សរុបជាង៥០នាក់ លទ្ធផលទទួលបានគឺអវិជ្ជមានទាំងអស់។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ក្នុងទិសដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ថ្ងៃនេះមន្ទីរ បានរៀបចំធ្វើតេស្តរហ័សលើកទី១រកមេរោគកូវីដ១៩ លើថ្នាក់ដឹកនាំនិងមន្ត្រីជាង៥០នាក់ លទ្ធផលទទួលបានគឺអវិជ្ជមានទាំងអស់។ លោកថា ទោះបីលទ្ធផលតេស្តលើកទី១បង្ហាញថា អវិជ្ជមានក៏ពិតមែន តែមន្ទីរនឹងរៀបចំធ្វើតេស្តរហ័សលើកទី២ទៀត ក្រោយរយៈពេល២សប្តាហ៍ បន្ទាប់ពីថ្ងៃតេស្តលើកទី១។
ជាមួយគ្នានេះលោក សំ លាងទ្រី ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខនិងការរស់នៅរបស់មន្ត្រី ពិសេសគឺបានគិតគូរពីសុខភាពរបស់មន្ត្រី ដោយបានផ្តល់ឱកាសឲ្យមន្ត្រីនៅតាមមន្ទីរនៅទូទាំងរាជធានី-ខេត្ត បានទៅរៀនសូត្រពីវិធីសាស្ត្រយកសំណាករកមេរោគកូវីដ១៩ នៅក្រសួង ក៏ដូចជាការផ្តល់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដល់មន្ទីរផងដែរ។
លោក សំ លាងទ្រី បានថ្លែងណែនាំឲ្យមន្ត្រីទាំងអស់ក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវបន្តយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ១៩ ពិសេសត្រូវអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងអង្គភាពយើងពីជំងឺកូវីដ១៩។
លោកក៏បានថ្លែងអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទំនាក់ទំនងទទួលសេវាផ្សេងៗ នៅតាមការិយាល័យជំនាញនានាក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មុននឹងអនុញ្ញាតិឲ្យចូលទៅក្នុងមន្ទីរ គឺត្រូវធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ជាមុនៗ នឹងអនុញ្ញាតឲ្យចូល។
ចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅពេលបច្ចុប្បន្ននេះ អាចចេញចូលទំនាក់ទំនងការងារផ្សេងៗនៅក្នុងមន្ទីរបាន ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបញ្ចប់បិទយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនោះ អ្នកដែលគ្មានបណ្ណចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតិអោយចេញចូលក្នុងមន្ទីរនោះទេ៕