(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រគល់ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ ជូនដល់មន្ទីរសុខាភិបាលខេត្ត សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក ប៉ែន កុសល្យ បានលើកឡើងថា អំណោយជាម៉ាស់ដែលបានប្រគល់ជូនមន្ទីរសុខាភិបាលនាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានប្រគល់មកឲ្យរដ្ឋបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានឧបត្ថម្ភម៉ាស់ចំនួន១០ម៉ឺនម៉ាស់ មកដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលដ៏លំបាកនេះ។ ក្នុងនាមរដ្ឋបាលខេត្ត លោកពិតជាមានសេចក្ដីរំភើបរីករាយណាស់ ហើយនឹងប្រើប្រាស់ម៉ាសទាំងនេះក្នុងសកម្មភាពចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តឧត្តរមានជ័យ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕