(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៦០ភាគរយហើយ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ បើទោះបីមានការចាក់វ៉ាក់សាំងបានច្រើនហើយក្តី តែអត្រានៃអ្នកឆ្លងជំងឺកូវីដ១៩ ក៏ដូចជាអ្នកស្លាប់ដោយសារជំងឺនេះ នៅតែមានចំនួនច្រើនគួរឱ្យបារម្ភ។
បញ្ហានេះនាំឱ្យមានការងឿងឆ្ងល់ទៅលើគុណភាពវ៉ាក់សាំងរបស់ចិនស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដែលកម្ពុជាបានចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះក៏មានជនអគតិមួយចំនួនបានឆ្លៀតយកបញ្ហានេះ វាយតម្លៃដោយអត្តនោម័ត និងគ្មានមូលដ្ឋានបច្ចេកទេសវេជ្ជសាស្ត្រថា វ៉ាក់សាំងរបស់ចិន គ្មានគុណភាព ឬប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ឆ្លើយនឹងសំណួរអ្នកព័ត៌មាន Fresh News ក្នុងឱកាសប្រគល់រង្វាន់លើកទឹកចិត្តដល់ជនចាក់វ៉ាក់សាំងទី៦លាន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានអះអាងថា វ៉ាក់សាំងរបស់ចិនទាំងពីរប្រភេទ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា គឺមានប្រសិទ្ធភាពដូចវ៉ាក់សាំងដទៃទៀតផងដែរ។
លោកស្រី បានអះអាងថា មុននឹងការសម្រេចដាក់ឱ្យប្រើប្រាស់បន្ទាន់ចំពោះវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ក៏ដូចជាវ៉ាក់សាំងដទៃទៀត គឺអង្គការសុខភាពពិភពលោក បានសិក្សាស្រាវជ្រាវច្បាស់លាស់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង។
«ខ្ញុំសូមជម្រាបថា មុននឹងអង្គការសុខភាពពិភពលោកគេដាក់នូវវ៉ាក់សាំងឱ្យប្រើប្រាស់ គឺអង្គការសុខភាពពិភពលោក ដែលយើងហៅថា WHO បានសិក្សាហ្មត់ចត់ណាស់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំង។ អ៊ីចឹងវ៉ាក់សាំងអីក៏ដោយ ទោះបីវ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ ភីហ្វាយស័រ ចនសុនចនសុន អាស្ត្រាហ្សេនីកា ឬក៏ម៉ូដេណា គឺសុទ្ធសឹងជាវ៉ាក់សាំង ដែលមានប្រសិទ្ធភាព មានសុវត្ថិភាព ប្រើប្រាស់នៅលើមនុស្ស»។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន។
នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការឆ្លងនៃជំងឺកូវីដ១៩ មានអត្រាមួយខ្ពស់ ហើយការស្លាប់ក៏មានច្រើនផងដែរ។ គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបជិត ៧ម៉ឺននាក់ ខណៈអ្នកស្លាប់ មានចំនួនរហូតដល់ ១,១៤៩នាក់។
ឆ្លើយតបបញ្ហានេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា នៅពេលដែលកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំង គឺជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាតខ្លាំងនៅក្នុងប្រទេសកម្ពុជារួចទៅហើយ ហើយការចាក់វ៉ាក់សាំងហើយភ្លាមៗ ក៏មិនទាន់អាចបង្កើតកងការពារទៅប្រយុទ្ធនឹងមេរោគកូវីដ១៩បានភ្លាមៗនោះដែរ។
ក្រៅតែពីបញ្ហាបច្ចេកវេជ្ជសាស្ត្រ ការដែលប្រជាពលរដ្ឋមួយចំនួនអនុវត្តមិនបានខ្ជាប់ខ្ជួននូវវិធានការពារជំងឺកូវីដ១៩ ដូចជាវិធាន «៣ការពារ និង៣កុំ» រួមនឹងការមើលស្រាល និងប្រមាថចំពោះជំងឺកូវីដ១៩ ក៏ជាកត្តានាំឱ្យមានការឆ្លងរីករាលដាលផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល។
ពាក់ព័ន្ធនឹងអ្នកស្លាប់វិញ លោកស្រី ឱ វណ្ឌឌីន បានគូសបញ្ជាក់ថា មិនទាន់មានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់នៅឡើយនោះទេ ហើយលោកស្រី ក៏កំពុងរៀបចំក្រុមការងារសិក្សាលើបញ្ហានេះផងដែរ។
តែទោះជាយ៉ាងណា ក៏មានការសម្ភាសន៍ផ្ទាល់មាត់មួយចំនួនពាក់ព័ន្ធនឹងការស្លាប់នេះ។ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ឆ្លងតាមការសម្ភាសន៍ផ្ទាល់មាត់ គឺបានបង្ហាញថា អ្នកដែលស្លាប់ភាគច្រើនជាមនុស្សមានវ័យចំណាស់ រស់នៅតាមទីជនបទ ហើយពេលកើតជំងឺកូវីដ១៩មិនបានដឹង ដោយស្មានតែជំងឺផ្តាសាយ នាំឱ្យជំងឺវាយលុកសុខភាពខ្លាំង មិនអាចជួយសង្គ្រោះបាន។
លោកស្រី ឱ វណ្ណឌីន បន្តក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទាំងអស់គ្នា ដើម្បីយកឈ្នះលើការរាតត្បាតនៃជំងឺ។ ជាពិសេសការអនុវត្តវិធានសុខាភិបាល «៣ការពារ និង៣កុំ» ហើយកាត់បន្ថយការធ្វើដំណើរបើគ្មានករណីចាំបាច់ទេនោះ។
លោកស្រី បានអះអាងថា មានតែការចាក់វ៉ាក់សាំង ហើយបន្តអនុវត្តនូវវិធានសុខាភិបាលទាំងនេះទេ ទើបអាចបង្ការការរាតត្បាតជំងឺកូវីដ១៩។
មកដល់ពេលនេះ ប្រទេសកម្ពុជា មានវ៉ាក់សាំងនៅក្នុងដៃរហូតដល់ ១៦លានដូសហើយ។ វ៉ាក់សាំង ១៦លានដូសនេះ រួមមានវ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងអាស្ត្រាហ្សេនីកា។ មានការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា មិនស្វះស្វែងរកវ៉ាក់សាំងពីប្រទេសដទៃចាក់ជូនប្រជាពលរដ្ឋ ដូចជាសហរដ្ឋអាមេរិកជាដើម។
ឆ្លើយតបនឹងបញ្ហានេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាល មិនចង់រកវ៉ាក់សាំងពីប្រទេសដទៃនោះទេ តែរកទិញមិនបាន។ លោកស្រី បានបញ្ជាក់ថា ប្រទេសដែលផលិតវ៉ាក់សាំងខ្លះអាត្មានិយម ផលិតវ៉ាក់សាំងបាន គឺទុកចាក់តែពលរដ្ឋរបស់ពួកគេ។
លោកស្រី បានបញ្ជាក់ដូច្នេះ «អ្នកខ្លះសួរថា ហេតុអ្វីបានជាទៅទិញតែពីចិន ម៉េចក៏អាមេរិកអី មិនទិញ? មិនមែនមិនចង់ទិញទេ តែទិញវាមិនបាន។ វ៉ាក់សាំងនេះ វាមានប្រសិទ្ធភាព និងគុណភាពដូចគ្នា បើយើងមិនទិញពីចិន តើយើងទៅទិញពីណា? បើប្រទេសធំៗមួយចំនួន គាត់ផលិតមក គាត់ចាក់ជូនប្រជាពលរដ្ឋគាត់សិន គាត់អត់មានលក់ទៅឱ្យប្រទេសណា គាត់ចាក់ឱ្យប្រជាពលរដ្ឋគាត់សិនហ្នឹង»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានធ្លាប់បានបញ្ជាក់ហើយដែរថា បើគ្មានការជួយផ្គត់ផ្គង់វ៉ាក់សាំងពីប្រទេសចិនទេនោះ កម្ពុជា មិនអាចសម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនោះឡើយ។
មកដល់ពេលនេះមានប្រទេសជាច្រើន ជាពិសេសប្រទេសក្រីក្រ កំពុងជួបបញ្ហាខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។ ឆ្លើយតបបញ្ហានេះ អង្គការសុខភាពពិភពលោក បានអំពាវនាវដល់ប្រទេសរីកចម្រើនកុំទិញវ៉ាក់សាំងស្តុកទុក ហើយជួយផ្តល់វ៉ាក់សាំងជូនដល់ប្រទេសក្រីក្រ៕