(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យបិទវត្តសីហរតនារាមជាបណ្ដោះអាសន្ន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់រកា ក្នុងក្រុងដូនកែវ បន្ទាប់ពីមន្ត្រីជំនាញសុខាភិបាលបាល បានរកឃើញព្រះសង្ឃចំនួន ១០អង្គ បានឆ្លងជំងឺកូវីដ១៩។

គួបញ្ជាក់ថា រដ្ឋបាលក្រុងដូនកែវ នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីក្រុមគ្រូពេទ្យ នៃការិយាល័យស្រុកប្រតិបត្តិដូនកែវ បានចុះទៅយកសំណាក ព្រះសង្ឃគង់នៅក្នុងវត្ត សីហរតនារាម ចំនួន ១៨អង្គ/នាក់ ជាលទ្ធផលនៃការធ្វើសំណាកតេស្ដរហ័ស (Rapid Test) ឃើញថាមានវិជ្ចមានកូវីដ១៩ ចំនួន១០អង្គ/នាក់។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះដែរ រដ្ឋបាលក្រុងដូនកែវ ក៏សូមធ្វើការអំពាវនាវប្រជាពលរដ្ឋ ពុទ្ធបរិស័ទ យាយជី តាជី ដែលបានមកសមាទានសីល ឬធ្លាប់ប្រាស្រ័យទាក់ទងជាមួយព្រះសង្ឃគង់ នៅវត្តសីហរតនារាម សូមចូលរួមយកសំណាក នៅសាលាគរុកោសល្យខេត្ត ព្រមទាំងដាក់ខ្លួនដាច់ដោយឡែក (ចត្តាឡីស័ក) ពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន៕