(បាត់ដំបង)៖ បុរសម្នាក់ខណៈកំពុងបើកគោយន្តកន្ត្រៃ ដឹកអូសត្រឡប់មកផ្ទះវិញ ក៏បានជាន់មីនតោនផ្ទុះ បណ្តាលឲ្យរបួសធ្ងន់ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចអូរទ្រូងអណ្តើក ក្នុងភូមិបន្ទាយចារ ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ។ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអ្នកស្រុកជួយដឹកយកទៅសង្គ្រោះបឋម នៅពេទ្រស្រុកគាស់ក្រឡ រួចបញ្ជូនបន្តមកបន្ទីពេទ្យខេត្ត ឯគោយន្តខូចខាតខាងក្រោយស្ទើតែទាំងស្រុង។

លោក ឆាង វ៉ាន់ឆៃ អធិការនគរបាលស្រុកគាស់ក្រឡបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទឹម រដ្ឋា អាយុ២៦ឆ្នាំ រស់នៅភូមិកើតហេតុ បច្ចុប្បន្នត្រូវបានសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត៕