(ប៉ៃលិន)៖ កម្លាំងសមត្ថកិច្ចខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជូនក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៤នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ក្រោយបង្ក្រាបបាន។

មន្ត្រីនគរបាលបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តប៉ៃលិន ឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីករណីកំហែងយក (ប្លន់) ដោយជនមិនស្គាល់មុខកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចដីចម្ការជាប់អូរ ស្ថិតក្នុងភូមិអូរឬស្សីក្រោម ឃុំសាលា ក្រៅស្រុកសាលាក្រៅ កម្លាំងជំនាញស្រុកសាលាក្រៅ បានបើកប្រតិបត្តិការ សហការគ្នាជាមួយកម្លាំងមូលដ្ឋានស៊ើបអង្កេតស្រាវជ្រាវបន្ទាន់ទាំងយប់ ដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យ។

មន្ត្រីនគរបាលខាងលើបន្ថែមថា «ប្រតិបត្តិការបង្ក្រាបក្តៅខាងលើនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ទើបកំណត់មុខសញ្ញាបាន ប៉ុន្តែកម្លាំងសមត្ថកិច្ចមិនអាចចូលឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនោះទេ គឺរង់ចាំឱកាសល្អទើបឆ្មក់ ចូលចាប់ខ្លួនព្រោះមុខសញ្ញាខាងលើមានអាវុធជាប់ខ្លួន។ ការស៊ើបអង្កេតផ្អែកតាមជំនាញបច្ចេកទេសសមត្ថកិច្ច បានបន្ធូរស្ថានការរងចាំអស់រយៈមួយយប់ រហូតដល់ព្រឹកឡើងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១ ផ្នែកជំនាញបានរៀបចំផែនការថ្មីបែងចែកកម្លាំងជាពីរក្រុម ហើយធ្វើការឡោមព័ទ្ធគោលដៅដែលសង្ស័យមួយកន្លែងនៅត្រង់ចំណុចដីចម្ការដំឡូងខាងកើតសៃឡូតាឡិ»

ការកំណត់គោលដៅមុខសញ្ញាថ្មីនេះ បានអូសបន្លាយពេលវេលាដល់ម៉ោងប្រមាណ ០១៖០០នាទីរសៀល រហូតដល់ក្រុមជនសង្ស័យអត់ទ្រាំមិនបាន ក៏បានបន្លំជិះម៉ូតូចេញក្រៅពីចំណុចសៃឡូ ភ្លាមៗក៏បានប្រទះជាមួយសមត្ថកិច្ច ប្រចាំគោលដៅ ឃើញដូច្នេះក្រុមចោរកាន់តែបង្កើនល្បឿនគេចវេសមិនព្រមឱ្យសមត្ថកិច្ចត្រួតពិនិត្យ ធ្វើឱ្យកម្លាំងនគរបាលបានប្រដេញប្រកៀកប្រកិតតាមពីក្រោយ រហូតដល់មុខសញ្ញាក្រុមចោរបានផ្ទុះអាវុធសំដៅ មករកកម្លាំងសមត្ថកិច្ចចំនួន៥គ្រាប់ ហើយកម្លាំងក៏បានបាញ់តបត ដើម្បីការពារខ្លួនវិញ មិនយូរប៉ុន្មានមួយសន្ទុះក្រោយមក កម្លាំងនគរបាលក៏បានពួនស្ទាក់ពីមុខផ្លូវចេញសម្រុកចូលឃាត់ខ្លួនបានជនសង្ស័យតែម្តង។

ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៤នាក់ខាងលើនេះ រួមមាន៖

*ទី១៖ ឈ្មោះ វ៉ៃ អិ ភេទប្រុស អាយុ៣៧ឆ្នាំ
*ទី២៖ ឈ្មោះ ស្រស់ វណ្ណនេត ភេទប្រុស អាយុ២៣ឆ្នាំ
*ទី៣៖ ឈ្មោះ បុល រ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ
*ទី៤៖ ឈ្មោះ យឿន ឈួន ភេទប្រុស អាយុ១៦ឆ្នាំ។

ជនសង្ស័យទាំង៤នាក់នេះ រស់នៅក្នុងសង្កាត់ប៉ៃលិន ឃុំសាលាក្រៅ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយការបង្ក្រាប នគរបាលដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖ អាវុធខ្លីកែច្នៃ ចំនួន០១ដើម, អាវុធវែងកែច្នៃ ប្រើខ្យល់ ចំនួន០១ដើម, កាំបិតខ្លី ចំនួន០១ដើម និងគ្រាប់កាំភ្លើងប្រភេទ AK ចំនួន០៧គ្រាប់ផងដែរ។ ជនសង្ស័យ ក៏ដូចជាវត្ថុតាងត្រូវបានកម្លាំងផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕