(ភ្នំពេញ)៖ នៅសាលសហសិក្សា នៃសាលាប៊ែលធីអន្តរជាតិទី៩ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ បានប្រារព្ធពិធីបង្កើនចំណេះដឹងទូទៅ តាមរយៈការសិក្សា «ទស្សនទានព្រះពុទ្ធសាសនា» ជូនដល់សិស្សថ្នាក់ទី៩ ចំនួន ១,៦០៨នាក់ ដែលមកពី ១៥សាខានៃសាលាប៊ែលធីអន្តរជាតិ ដែលមានព្រះលិខិតបញ្ញា ប៉ែន វិបុល នាយកសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ ជាធម្មកថិកនិមន្តមកសម្តែងធម៌នៅពេលនេះ។
លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានថ្លែងថា៖ កន្លងមក សាលាប៊ែលធីអន្តរជាតិ ក៏បានរៀបចំកម្មវិធីសិក្សាបន្ថែមធំៗចំនួន៥ សម្រាប់ថ្នាក់ចំណេដឹងទូទៅ និងភាសាអង់គ្លេសរួមមាន៖
១-កម្មវិធីបង្កើនចំណេះដឹងទូទៅ (ក-សិស្សថ្នាក់ទី៩ សិក្សាពីទស្សនទានព្រះពុទ្ធសាសនា ខ-ថ្នាក់ទី១០ សិក្សាពីសុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក គ-ថ្នាក់ទី១១ សិក្សាពីការយល់ដឹងពីគ្រឿងញៀន និង ជំងឺអេដស៍ និង ឃ-ថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម)
២-កម្មវិធីពង្រឹងស្មារតី(ក-កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈខ-កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស និង គ-វេទិកាជជែកពិភាក្សាជាសាធារណៈ
៣-កម្មវិធីទស្សនកិច្ចសិក្សា(តាមតំបន់ទេសចរណ៍ និង តំបន់ប្រវត្តិសាស្រ្តនានា ទាំងក្នុង និងក្រៅប្រទេស)
៤-កម្មវិធិសិក្សាតាមទូរទស្សន៍(សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ)
៥-កម្មវិធីប្រឡងសំណេរ(សិស្សចេះស្ទាត់ក្នងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ ថ្នាក់ធំ)។
ក្នុងឱកាសនោះផងដែរ ព្រះលិខិតបញ្ញា ប៉ែន វិបុល បានមានសង្ឃដីកាថា តបតាមការអញ្ជើញរបស់ លោក លី ឆេង រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានចាត់ឲ្យព្រះតេជគុណជាធម្មកថិក និមន្តមកសំដែងធម៌ ជូនដល់សិស្សានុសិស្សសាលាប៊ែលធីអន្តរជាតិ បានយល់ដឹងពីព្រះធម៌ និងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបញ្ជ្រាបព្រះពុទ្ធឱវាទដល់សិស្សានុសិស្សឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ពិសេសអប់រំពង្រឹងសីលធម៌ សុជីវធម៌ និងចរិយាធម៌ក្នុងសង្គមឲ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារអំពើអនាចារ ការរំលោភសេពសន្ថវៈ យល់ដឹងពីបញ្ហាសុខភាព និងជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើង។ ជាពិសេសយុវជន-យុវនារី កុមារា-កុមារី ឲ្យប្រព្រឹត្តតែអំពើល្អ និងខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិទៅថ្ងៃអនាគត៕