(កំពង់ឆ្នាំង)៖ មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង កំពុងដំណើរការជួសជុលផ្លូវជាតិលេខ៥៣ ប្រវែង៤គីឡូម៉ែត្រ ពីចំណុចភូមិអូរោង ឃុំជ្រៃបាក់ រហូតទៅដល់ភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ដែលរងការខូចខាតត្រូវបានមន្ទីរសាធារណ ការខេត្តកំពង់ឆ្នាំង កំពុងដំណើរការជួសជុលដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។
បើតាមមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្នុងរយៈពេល២សប្តាហ៍នេះ ក្រុមបច្ចេកទេសមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង បាននិងកំពុងដំណើរការជួសជុលផ្លូវជាតិលេខ៥៣ ចំនួន២ចំណុច មានប្រវែង៤គីឡូម៉ែ ត្រ នៅចំណុច៨បូក២០០ និង១៨ បូក៥០០។ ក្នុងនោះចំ ណុចទី១ មានប្រវែង២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ដែលក្រុមការងារជួសជុលបានដំណើរការចាក់កៅស៊ូបានមួយជាន់ហើយ។
ចំណុចទី២ គឺនៅក្នុងភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលក្រុមការងារថ្មីៗ នេះបានភ្ជួរផ្លូវកៅស៊ូចាស់កិនបង្ហាប់ ចាក់ដីឈូសឆាយគៀរ និងបានកិនបង្ហាប់រួចហើយ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានងាយស្រួល មួយរយៈសិន។ បន្ទាប់មកទើបចាក់ថ្មកិនបង្ហាប់ទៅតាមបច្ចេកទេស ទើបចាក់កៅស៊ូតាមស្តង់ដារកំណត់។
ដោយឡែកនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង មានផ្លូវជាច្រើនទៀត ដែលមន្ទីរសាធារណៈការបាននឹងកំពុងតែមមាញឹកក្នុងការជួសជុលឡើងវិញ ដើម្បីបង្កការងាយស្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង។
មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ក៏សូមអាធ្យាស្រ័យដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមផ្លូវលេខ៥៣ ដែលក្នុងពេលជួសជុលផ្លូវនេះ ក្រុមការងារជួសជុលនឹងមានការសម្រួលចរាចរណ៍ទៅមកម្ដងម្នាក់ ដែលអាចធ្វើឱ្យមានការយឺតយ៉ាវខ្លះៗ ក្នុងការធ្វើដំណើរ។
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់ប្រមុខរាជរដ្ឋាភិបាលដែលបានជួយផ្ដល់ថវិកា និងអនុញ្ញាតឱ្យក្រសួង និងមន្ទីរសាធារណៈការខេត្ត ធ្វើការជួសជុលកំណាត់ផ្លូវលេខជាតិលេខ៥៣ ដែលរងការខូចខាត និងផ្លូវជាច្រើនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋឱ្យមានសុវត្ថិភាពល្អ៕