Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំក្រុមការងារធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ជូនយោធិនទូទាំងកងពល

20-07-2021 11:37

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ជូននាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារយោធិនទាំងអស់ ចំណុះកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយកងកម្លាំងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងកម្លាំងបិទខ្ទប់តំបន់ក្រហមក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកមេបញ្ជាការកងពល បានគូសបញ្ជាក់ថា ក្នុងយុទ្ធនាការធ្វើតេស្តរហ័សនេះ ដើម្បីទប់ស្កាត់ការចម្លងចូលមកក្នុងជួរកងកម្លាំង ក៏ដូចជាក្រុមគ្រួសារកងទ័ព ដោយសារក្នុងកាលៈទេសៈដ៏លំបាកនេះ កងទ័ពមានតួនាទីសំខាន់ក្នុងការបំពេញប្រតិបត្តិការជួយអាជ្ញាធរ តាមគ្រប់រូបភាព ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា យុទ្ធនាការយកសំណាកពិនិត្យរកជំងឺកូវីដ១៩ តាមរយៈតេស្តរហ័សនេះ បានធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានបញ្ចប់លើកទី១។

លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញបេសកម្ម ប្រតិបត្តិការ នៅក្រៅអង្គភាព និងក្នុងអង្គភាព ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា គឺវិធានការ «៣ការពារ និង ៣កុំ» ទាំងអស់គ្នា៕