(ភ្នំពេញ)៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានរំឭកឡើងវិញថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ តទៅ កញ្ចប់បារីទាំងអស់ដែលចរាចរលើទីផ្សារ ត្រូវតែមានសារព្រមានថ្មីជារូបភាព និងជាអក្សរ ដែលបានកំណត់ដោយក្រសួងសុខាភិបាល ហើយបើតាមប្រកាសរបស់ក្រសួងសុខាភិបាល សារព្រមានសុខភាពទាំងនោះ ត្រូវផ្ដាស់ប្ដូររៀងរាល់ ២ ឆ្នាំម្ដង។
អនុលោមតាមប្រកាសនេះ ក្រសួងសុខាភិបាលបាន ជូនដំណឹង និងផ្ដល់រូបភាពថ្មីដល់ក្រុមហ៊ុនថ្នាំជក់ តាំងពីខែធ្នូឆ្នាំ២០២០ ដែលមានរយៈពេល ៩ ខែ គិតដល់ថ្ងៃកំណត់ ០១ សីហា ២០២១។
អង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា ការរឹតបន្តឹងការបោះពុម្ពសារព្រមានសុខភាពជារូបភាពលើកញ្ចប់បារីឲ្យបានទៀងទាត់ ជំរុញឲ្យអ្នកជក់បារីផ្ដាច់បារី និងបង្ការស្រី្ត យុវជន និងកុមារ កុំឲ្យចាប់ផ្ដើមជក់បារី។ ការផ្ដាច់បារីរបស់ប្រជាពលរដ្ឋ រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពីព្រោះការជក់បារីបង្កើនឱកាសនៃការឆ្លងជំងឺនេះ ហើយប្រសិនបើអ្នកជក់ឆ្លងជំងឺនេះ ពួកគាត់នឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរជាងអ្នកមិនជក់។
មានការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនបង្ហាញថា ការដាក់សារព្រមានសុខភាពជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ជាវិធានការអប់រំ ដែលមានប្រសិទ្ធភាពខ្ពស់។ ជាក់ស្ដែង ការសិក្សានៅ ប្រទេសថៃ ឆ្នាំ២០១៨ អំពីប្រសិទ្ធភាពនៃសារព្រមានសុខភាពជារូបភាពមានទំហំ ៨៥% នៃកញ្ចប់បារីបានបង្ហាញថា រូបភាពព្រមានសុខភាពធំមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនភាពភ័យខ្លាច និងបង្ការការផ្ដើមជក់បារីក្នុងចំណោមអ្នកមិនជក់បារី រីឯក្នុងចំណោមអ្នកជក់បារីដែលមានរូបភាពព្រមានសុខភាពធំមានប្រសិទ្ធភាពធ្វើឲ្យមានការភ័យខ្លាច និងធ្វើឲ្យអ្នកជក់មានបំណងផ្ដាច់បារី។
ស្រដៀងនេះដែរ ការសិក្សាមួយរបស់ក្រសួងសុខាភិបាលអូស្រាលីអំពីប្រសិទ្ធភាពនៃកញ្ចប់បារីលាត បានបង្ហាញថា កញ្ចប់បារីដែលដាក់សារព្រមានសុខភាពរូបភាពមិនមានការរចនាលំអនានាលើកញ្ចប់បារី មានប្រសិទ្ធធ្វើឲ្យអ្នកប្រើប្រាស់ថ្នាំជក់យល់ដឹងពីផលប៉ះពាល់នៃការជក់បារី ធ្វើឲ្យអ្នកជក់បារីចាប់ផ្ដើមព្រួយបារម្ភអំពីសុខភាពរបស់ខ្លួន និងធ្វើឲ្យអ្នកជក់បារីមានបំណងផ្ដាច់បារី។
ទោះជាបែបនេះក្តី ប្រសិទ្ធភាពនៃសារព្រមានសុខភាពនឹងថយចុះ ដោយសារតែភាពស៊ាំនឹងរូបភាពដដែលៗក្នុងរយៈពេលវែង ហេតុនេះហើយបានជាក្រសួងសុខាភិបាលបានកំណត់ឲ្យមានការផ្លាស់ប្ដូរសារព្រមានជារូបភាពថ្មីរៀងរាល់ ២ ឆ្នាំម្ដង។
អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងដែរថា ការខកខានការផ្លាស់ប្តូរសារព្រមានសុខភាពនឹងធ្វើឲ្យការប្តេជ្ញាចិត្តឈប់ជក់បារីរបស់ប្រជាពលរដ្ឋថយចុះ។ ថ្នាំជក់ជាផលិតផលដែលមានគ្រោះថ្នាក់ ដោយហេតុថា ពាក់កណ្ដាលនៃអ្នកប្រើប្រាស់ថ្នាំជក់ធ្លាក់ខ្លួនឈឺ ពិការ និងស្លាប់មុនអាយុកំណត់។
អង្គការនេះបានបន្តថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០ នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កពី ការប្រើប្រាស់ថ្នាំជក់។ ជាមួយគ្នានោះ ថវិកាប្រមាណ ១.៤ ទ្រីលានដុល្លារអាមេរិក ត្រូវបានខាតបង់ដោយសារការប្រើប្រាស់ថ្នាំជក់៕