(កំពង់ចាម)៖ អ្នកស្រី ផេង សឿន ដែលជាអ្នកចាក់វ៉ាក់សាំងទី៦លាន បានបង្ហាញក្តីត្រេកអរជាពន់ពេកក្រោយពេលបានចាក់វ៉ាក់សាំងកូវីដ១៩។ លោកស្រី ផេង សឿន បានយល់ឃើញថា ការចាក់វ៉ាក់សាំងកូវីដ១៩នេះ មានសារសំខាន់ខ្លាំងណាស់ ក្នុងការការពារសុខភាពរបស់គាត់ពីការយាយីនៃជំងឺកូវីដ១៩។

អ្នកស្រី ផេង សឿន មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ អ្នកស្រីជាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ទី៦លាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ អ្នកស្រី ក៏ទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយទទួលបានថវិកា ១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

រង្វាន់លើកទឹកចិត្តនេះ ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង យកទៅប្រគល់ជូនលោកស្រី ផេង សឿន ដល់លំនៅឋាននាព្រឹកថ្ងៃទី២០ ខែកក្កា ឆ្នាំ២០២១នេះ។

អ្នកស្រី ផេង សឿន បានបង្ហាញនូវក្តីត្រេកអរជាខ្លាំងនៅពេលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ព្រោះប្រាក់រង្វាន់នេះ ក៏បានរួមចំណែកជួយដល់ជីវភាពរបស់អ្នកស្រី ដែលកំពុងមានស្ថានភាពខ្វះខាតផងនោះ។

សម្រាប់អ្នកស្រី ផេង សឿន ការទៅចាក់វ៉ាក់សាំងមិនបាននឹកឃើញថាត្រូវទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនោះទេ។ ការណ៍ដែលជំរុញឱ្យអ្នកស្រី ទៅចាក់វ៉ាក់សាំង គឺដើម្បីការពារសុខភាពរបស់អ្នកស្រីពីការវាយលុកនៃជំងឺកូវីដ១៩ បន្ទាប់ពីអ្នកស្រីបានឃើញព័ត៌មានបង្ហាញពីគ្រោះថ្នាក់របស់មនុស្ស ដែលមិនបានចាក់វ៉ាក់សាំង។

អ្នកស្រី ផេង សឿន បានថ្លែងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងបានរកវ៉ាក់សាំងមកចាក់ជូនរូបគាត់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត។

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជាវ៉ាក់សាំងចាក់ឱ្យខ្ញុំបានរស់រានមានជីវិត និងជួយឱ្យប្រជាជនទូទាំងប្រទេសមានសុខភាពមាំមួនការពារជំងឺកូវីដ១៩»។ នេះជាការលើកឡើងរបស់អ្នកស្រី ផេង សឿន។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៦លាននាក់ ស្មើនឹងជាង ៦០ភាគរយហើយនៃចំនួនប្រជាពលរដ្ឋ ដែលកំណត់ក្នុងការចាក់វ៉ាក់សាំង។

រាជរដ្ឋាភិបាល គ្រោងបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងផែនការកំណត់ឱ្យរួចរាល់នៅអំឡុងខែវិច្ឆិកាឆ្នាំនេះ។ លទ្ធផលនៃការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល គឺសម្រេចបានលឿនជាងផែនការ ដែលបានគ្រោងទុក។

ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង បានបង្ហាញនូវការពេញ និងរីករាយជាខ្លាំង។ ពួកគេក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ ដាក់ចេញយុទ្ធសាស្ត្រ និងផែនការប្រកបដោយប្រសិទ្ធភាពក្នុងការរកវ៉ាក់សាំងចាក់ជូនពួកគេដោយមិនគិតថ្លៃ៕