(ស៊ីរី)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា ក្រុមឧទ្ទាម ISIS បានគំរាមវាយប្រហារចក្រភពអង់គ្លេស ក្រោមពាក្យស្លោកថា «ទុក្ខវេទនា និងភាពជូរចត់កាន់តែច្រើនជាងមុខ» ដែលការគំរាមនេះត្រូវបានធ្វើឡើងក្រោយពេលប្រកាសទទួលស្គាល់ថា ការវាយប្រហារនៅកណ្ដាលទីក្រុងព្រុចសែល ជាទង្វើរបស់ខ្លួន។
ក្រុម ISIS ក៏បានបញ្ជាក់ផងដែរថា ការវាយប្រហារនៅកណ្ដាលទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក គឺជាការសងសឹក ដល់ប្រទេសមួយនេះ បន្ទាប់ពីក្រសួងមហាផ្ទៃប៊ែលហ្សិក ចាប់បញ្ជូនសកម្មយុទ្ធ ISIS ដែលមានឈ្មោះថា Salah Abdeslam ជាជនសង្ស័យពាក់ព័ន្ធករណីវាយប្រហារកណ្ដាលទីក្រុងបារីស កាលពីកន្លងទៅ។
ក្រោយពីកើតមានករណីវាយប្រហារដ៏សាហាវនេះ កងកម្លាំងពិសេសប៊ែលហ្សិក ចាប់ផ្ដើមធ្វើការឆែកឆេតាមលំនៅដ្ឋានជាច្រើនជុំវិញទីក្រុងព្រុចសែល ដោយបានរកឃើញគ្រាប់បែក និងឧបករណ៍ផលិតគ្រាប់បែកជាច្រើន ក្នុងនោះក៏មានទង់ជាតិរបស់ ISIS ផងដែរ ហើយភ្នាក់ងារសម្ងាត់ប៊ែលហ្សិក ក៏បានបញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែកនេះគ៏មានជាប់ពាក់ព័ន្ធនឹងជនសង្ស័យ Salah Abdeslam ផងដែរ។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី២២ ខែមីនាម្សិលមិញនេះ មានករណីបំផ្ទុះគ្រាប់ចំនួន៣ដង ដោយពីរដងនៅក្នុងព្រលានយន្តហោះក្នុងទីក្រុងព្រុចសែល និងប៉ុន្មាននាទីក្រោយមកក៏មានករណីផ្ទុះមួយទៀតនៅចំណតរថភ្លើងក្រោមដី ដោយបានសម្លាប់មនុស្ស ៣៤នាក់ និងរបួសជាង១០០នាក់៕
រូបភាពជនសង្ស័យនៃការបំផ្ទុះគ្រាប់បែកនៅកណ្ដាលទីក្រុងព្រុចសែល