(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩៤នាក់បន្ថែមទៀត ខណៈជំងឺ ១៥នាក់ បានជាសះស្បើយ និងស្លាប់ ១នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកជំងឺដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៣៨ ដល់ទី៤៣ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៤៤ ជាករណីឆ្លងមានប្រភពចម្លងចេញពីការដ្ឋានRose Apple Square។
ករណីទី៤៥ ករណីមានប្រភពចម្លងចេញពីផ្សារចារឈូក, ករណីទី៤៦ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ, ករណីទី៤៧ ដល់ទី៥១ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។
ដោយឡែកករណីទី៥២ ដល់ទី៦៩ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៧០ ដល់ទី៩៤ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
ដោយឡែកអ្នកជាសះស្បើយទាំង ១៥នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សម្រាប់អ្នកជំងឺកូវីដ១៩ ដែលបានទទួលមរណភាព មានឈ្មោះ ជ័យ យេន ភេទប្រុស អាយុ ៧៥ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣,២១៤នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១,៣៧៦នាក់ ស្លាប់ ២៧នាក់ និង១៨១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕