(កំពង់ចាម)៖ លោស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នឹងនាំយកថវិកាឧបត្ថម្ភចំនួន ១០លានរៀល និងសម្ភារផ្សេងទៀត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៦លាន ដែលបានទៅលើ លោកស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ដកំពង់ចាម។
ការប្រគល់ថវិកាឧបត្ថម្ភនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរកឃើញអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៦លាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដែលនឹងទទួលការឧបត្ថម្ភនូវទឹកប្រាក់ ១០លានរៀល និងសម្ភារមួយចំនួនទៀតពីសម្តេចតេជោ។
តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ស្មើនឹង៦០ភាគរយនៃប្រជាជន១០លាននាក់ដែលត្រូវចាក់។ លេខរៀងទី៦លានបានទៅលើប្អូនស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិកររស់នៅភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា១០លានរៀល និងសម្ភារៈផ្សេងទៀត ដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់»។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,០៦១,៣០៥នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦០.៦១%៕