(ភ្នំពេញ)៖ យន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នៅម៉ោង ៧៖៣០ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅទីក្រុងហូជីមិញ ដោយដឹកសម្ភារៈបរិក្ខារពេទ្យជិត ១០ តោន ដែលមានចំនួន ១,១២៥ កេស របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាលវៀតណាម។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ធ្វើការហោះហើររួមគ្នាជាមួយនឹងសម្ភារៈបរិក្ខារពេទ្យ។ បន្ទាប់ពីហោះហើរបាន ៤០ នាទី យន្តហោះបានទៅដល់អាកាសយានដ្ឋានអន្តរជាតិតាន់សុនញ៉ាត ក្នុងទីក្រុងហូជីមិញ យ៉ាងរលូន។

តំណាងពាក់ព័ន្ធរបស់រដ្ឋាភិបាលវៀតណាម បានស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី យក់ សម្បត្តិ និងគណៈប្រតិភូរបស់លោកស្រី នៅអាកាសយានដ្ឋាន និងបានរៀបចំពិធីប្រគល់ និងទទួលនៅថ្ងៃដដែល។ ជើងហោះហើរនេះ បានវិលត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ នៅម៉ោង ១០៖៤០ នាទីព្រឹក ថ្ងៃដដែលដែលជានិមិត្តរូបថា ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានបញ្ចប់ភារកិច្ចដឹកជញ្ជូនសម្ភារៈបរិក្ខារពេទ្យបានដោយជោគជ័យ។

សម្ភារៈបរិក្ខារពេទ្យដែលដឹកជញ្ជូនដោយក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ រួមមាន ម៉ាសធម្មតា១លានម៉ាស និងម៉ាស N95 ចំនួន ១០០០០០ម៉ាស ព្រមទាំងម៉ាស៊ីនផលិតអុកស៉ីសែន ១០០គ្រឿង។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជំនួយដ៏ច្រើនសន្ធឹកនេះគឺជាការបង្ហាញស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យបំពេញភារកិច្ចសំខាន់ របស់ប្រទេសនេះម្តងទៀត។ ជាមួយនឹងបទពិសោធន៍ដ៏សំបូរបែប ក្នុងប្រតិបត្តិការជើងហោះហើរពិសេសសម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងការដឹកទំនិញជាពិសេសសម្រាប់សម្ភារៈបរិក្ខារពេទ្យ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ធ្លាប់បានបញ្ចប់ការហោះហើរដឹកជញ្ជូនមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងសម្ភារៈបរិក្ខារពេទ្យពីកម្ពុជាទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង វៀតណាម ឡាវ ភូមា ថៃ ទីម័រខាងកើតឥណ្ឌូណេស៉ី និងប្រទេសដទៃទៀត។

ក្រុមហ៊ុនក៏បានបង្កើតទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការរយៈពេលវែងដែលបានចាក់គ្រឹះសម្រាប់ការអភិវឌ្ឍផ្លូវអាកាស របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នាពេលអនាគត។ ក្នុងនាមជាស្លាបរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងបន្តបម្រើប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងបន្តចូលរួមចំណែកដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិក៏ដូចជាការការពារ និងគ្រប់គ្រងការរាតត្បាត៕

ព័ត៌មានបន្ថែមទាក់ទងនឹងក្រុមហ៊ុនសូមចូលទៅកាន់៖ www.cambodia-airways.com ឬទូរសព្ទលេខ (+855) 87-310-815 ឬអ៉ីម៉ែល

vv