(បន្ទាយមានជ័យ)៖ ក្រោយជួបបញ្ហាជាបន្តបន្ទាប់ ទាំងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងត ក្នុងរយៈកាលកន្លងមក ប្រជាកសិករក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលប្រកបមុខរបរធ្វើស្រែ បានកំណត់បរិមាណស្រែរបស់ខ្លួន ឱ្យសមស្របនឹងបរិមាណទឹក ដើម្បីទទួលទិន្នផលខ្ពស់។
កសិករឈ្មោះ ហេងប៊ុន សុជាតិ អាយុ៣២ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី បានរៀបរាប់ប្រាប់ថា កាលពីមុនឆ្នាំកន្លងទៅតំបន់របស់គាត់បានជួបបញ្ហាគ្រោះទឹកជំនន់ ជន់លិចស្រែស្រូវខាតអស់មិនបានទទួលផល ហើយកន្លងមកក៏ធ្លាប់ជួបបញ្ហាគ្រោះរាំងស្ងួតផងដែរ ទើបពេលនេះរូបលោកក៏ដូចជាកសិករផ្សេងទៀត បានបង្វែរការធ្វើស្រែដោយកាត់បន្ថយបរិមាណដីពីច្រើនមកតិច ឱ្យត្រូវនឹងបរិមាណទឹកដែលមានដើម្បីទទួលបានទិន្ធផលច្រើន។
ជាក់ស្តែង ដូចដែលបានឃើញនេះ គឺពួកគាត់សប្បាយចិត្ត និងសង្ឃឹមថា ពួកគាត់នឹងទទួលបានផលស្រូវច្រើន ព្រោះការសម្រេចចិត្តកំណត់បរិមាណធ្វើស្រែកពីច្រើនមកតិច ធ្វើឱ្យពួកគាត់មានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ និងស្រូវលូតលាស់បានល្អ។
ដោយឡែកកសិករឈ្មោះ ទូច ណៃ ក៏បានលើកឡើងដូចគ្នាដែរថា «ក្រោយកំណត់បរិមាណធ្វើស្រែ ឱ្យសមស្របនឹងបរិមាណទឹក ឃើញថា ស្រូវរបស់គាត់បានលូតលាស់ល្អ និងសង្ឃឹមថា អាចទទួលបានផលច្រើន។ ចំពោះបញ្ហាទីផ្សារពួកគាត់នៅមិនទាន់មានក្តីព្រួយបារម្ភអ្វីនោះទេ ឱ្យការធ្វើស្រែរបស់ពួកគាត់ទទួលបានផលច្រើននោះ គឺពួកគាត់សប្បាយចិត្ត»។
ជាមួយគ្នានេះលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឱ្យដឹងថា បរិមាណដីធ្វើស្រែរបស់ប្រជាកសិករ ក្នុងស្រុកមង្គលបូរី សរុបមានចំនួន៥២,០០០ហិកតា ហើយសម្រាប់ការធ្វើស្រូវដើមឆ្នាំនេះ ហាក់មានអំណោយផលល្អ ព្រោះមានទឹកស្រោចស្រពគ្រប់គ្រាន់ ដោយមានភ្លៀងធ្លាក់ជារឿយៗ និងមានប្រឡាយ ស្ទឹង និងស្រះស្ទុបទឹក សម្រាប់បងប្អូនកសិករ បូបយកទៅស្រោចស្របដំណាំស្រូវផងដែរ៕