(ភ្នំពេញ)៖ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១ បានជិត៦លាននាក់ហើយ ខណៈដែលអ្នកចាក់វ៉ាក់សាំងដូសទី២ បានចំនួនជាង៤លាននាក់ ហើយការងារនេះ រាជរដ្ឋាភិបាល បានជំរុញការចាក់ឲ្យរួចរាល់សម្រាប់មនុស្ស១០លាននាក់ ក្នុងរង្វង់ខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ មានន័យថា នឹងអាចបញ្ចប់មុនផែនការមេរហូតដល់ ៧ទៅ ៨ខែ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានកិច្ចប្រជុំមួយតាមរយៈ Video Conference បានធ្វើឡើងក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) ដោយមានការចូលពីលោកស្រី ឱ វណ្ណឌីន, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១ មានចំនួន ៥.៩១២.៥៤៥នាក់ (ស្រីមាន ២.៩៤៥.៦៨២នាក់ ស្មើនឹង ៤៩,៨២%) ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងទាំង២ដូស មានចំនួន ៤.១៣១.០៥៧នាក់ ស្មើនឹង ៦៩,៨៧% នៃចំនួនអ្នកបានចាក់ដូសទី១ (ស្រី ១.៤០២.៣១០នាក់ ស្មើនឹង ៤៨.៣១%)។
លោកស្រីបន្តថា អង្គការ WHO និង UNICEF មានចំណាប់អារម្មណ៍ខ្ពស់លើការងារចាក់វ៉ាក់សាំង តាមរយៈការចូលរួមចុះពិនិត្យដល់ទីតាំងចាក់វ៉ាក់សាំងផ្ទាល់ ដែលបានជួយផ្សាយនូវព័ត៌មានដល់អន្តរជាតិ អំពីការយកចិត្តទុកដាក់ ប្រកបដោយភាពវៃឆ្លាត និងគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី លើការផ្តល់លទ្ធភាពក្នុងការទទួលបាន វ៉ាក់សាំងដោយស្មើភាពគ្នា និងមានសន្ទុះលឿន ជូនដល់ប្រជាជនកម្ពុជា និងជនបរទេស ដែលកំពុងបំពេញបេសកម្ម និងរស់នៅស្របច្បាប់នៅកម្ពុជា។
ចំពោះការសម្រេចពីប្រមុខរាជរដ្ឋាភិបាល និងសំណូមពរ, លោកស្រីបានលើកឡើងទៀតថា វ៉ាក់សាំងនៅសល់ក្នុងស្តុកចំនួន ៨០១, ២០១ដូស ក្នុងឃ្លាំងឱសថកណ្ដាល និងយោងតាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ឲ្យដកវ៉ាក់សាំងនេះក្នុងចំនួន ៦០០,០០០ដូស ដើម្បីបញ្ជូនទៅតាមទីតាំងដែលមានតម្រូវការវ៉ាក់សាំងជាបន្តទៀត។ រីឯវ៉ាក់សាំងនៅសល់ចំនួន ៧៥៨,៨០២ ដូស នៅខាងកងទ័ព គ.វ.ក-១៩ គោរពស្នើសុំឱ្យធ្វើការបង្វែរមក គ.វ.ក-១៩ វិញ ឬក៏ធ្វើផែនការចាក់ជាមួយ គ.វ.ក-១៩ ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមានសង្កត់ភាពជាមួយផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅឱ្យគ្រប់គោលដៅចំនួន១០លាននាក់៕