(ភ្នំពេញ)៖ បន្ទាប់ពីលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឱ្យនាយកដ្ឋានជំនាញរបស់លោក ធ្វើកោសលវិច័យលើសំឡេងខ្សែអាត់ ដែលគេសង្ស័យលើ លោក កឹម សុខា និងនារីវ័យក្មេង ហើយថា លោកនឹងប្រកាសអំពីលទ្ធផល កោសល្យវិច័យនេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។
ដោយនៅថ្ងៃពុធនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងបន្ថែមទៀតថា ចុះបើលោក កឹម សុខា ចេញមុខមកបកស្រាយ ចំពោះមុខសាធារណៈធ្វើឲ្យលោកធ្លាក់ឆ្នោតមែនទេ បានជាលោកខ្លាចម៉្លេះ។ ហើយសូមកុំគិតថា រឿងរបស់លោកគឺជារឿងផ្ទាល់ខ្លួនឲ្យសោះ ព្រោះកម្ពុជាមានច្បាប់ឯកពន្ធភាព ហើយពិសេសទៀតនោះ លោកក៏ជាមេដឹកនាំមួយរូបផងដែរ។ បើលោកស្អាតស្អំ សូមកុំខ្លាចអីនឹងបកស្រាយការពិត ប៉ុន្តែក្រែងលោកប្រព្រឹត្តពិតមែន ទើបលោកធ្វើជាមិនខ្វល់នោះ។
ប្រធានគណបក្សរូបនោះ បានបញ្ជាក់ថា «បើចឹងមែន សូមបងប្អូនពលរដ្ឋខ្មែរឈប់បោះឆ្នោត ឲ្យសង្រ្គោះជាតិទៀតទៅ ដោយហេតុមេដឹកនាំសង្រ្គោះជាតិទាំងអស់ កំសាកណាស់ទាំងលោក សម រង្សី ទាំងលោក កឹម សុខា»។
សូមជំរាបថា ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ពាក់ព័ន្ធពាក្យបណ្តឹងលើ លោក កឹម សុខា ជាមួយការបែកធ្លាយសម្លេងរឿងអាស្រូវផ្លូវភេទ នៅឯអង្គភាពប្រឆាំងអំពើពុករលួយ ពីម្សិលមិញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានលើកឡើង និងព្រមានដល់ជនណាដែលមានបំណង ចង់ជម្លៀសភស្តុតាងចេញទៅក្រៅប្រទេស, ដោយប្រមុខអង្គភាពប្រឆាំងអំពើពុករលួយរូបនោះ បញ្ជាក់យ៉ាងច្បាស់ថា សូមកុំជួយខុសច្បាប់ តិចចងកខ្លួនឯង កុំធ្វើឲ្យសោះ, ព្រោះករណីបែកធ្លាយសារសម្លេងរបស់លោក កឹម សុខា គឺរឿងស៊ើបអង្កេត សាធារណៈ មិនមែនជារឿងឯកជនទេ៕