(ហូជីមិញ)៖ បណ្តាញសារព័ត៌មានវៀតណាមជាច្រើន ក្នុងនោះមានដូចជា VN Express, Vietnam Plus និងសារព័ត៌មានធំៗជាច្រើនទៀត សុទ្ធតែបានចុះផ្សាយកោតសរសើរយ៉ាងក្រៃលែងអំពីជំនួយនានា ដែលកម្ពុជាទើបដឹកជញ្ជូនទៅកាន់ប្រទេសពួកគេ ខណៈដែលជំងឺកូវីដ១៩ កំពុងតែឆ្លងរាតត្បាតយ៉ាងគំហុក ជាពិសេសនៅទីក្រុងហូជីមិញ ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនជាងគេរបស់វៀតណាម។ នេះបើតាមការដកស្រង់ព័ត៌មាននៅល្ងាចថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។
បណ្តាញសង្គមនានានៅក្នុងប្រទេសវៀតណាម ក៏បានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះដែរ ដោយស្ងើចសរសើរកម្ពុជា ក្នុងការប្រឆាំងជំងឺកូវីដ-១៩។ នៅក្នុងនោះបានសង្កត់ធ្ងន់ថា៖ «កម្ពុជាធ្វើបានល្អអស្ចារ្យណាស់។ សមិទ្ធផលនេះ ផ្តើមចេញពីចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ មិនគួរឲ្យជឿទេថា យើងធ្វើដំណើរយឺតជាងកម្ពុជាឆ្ងាយណាស់។ ប្រសិនបើខ្វះវ៉ាក់សាំងនោះ យើងនឹងជួបគ្រោះអាសន្នហើយ»។
សារព័ត៌មាន VN Express បានលើកឡើងនូវពាក្យកោតសរសើរ ពីវៀតណាមចំពោះកម្ពុជាទៀតថា៖ «យើងត្រូវរៀនសូត្រតាមកម្ពុជា។ កម្ពុជាបានចាក់វ៉ាក់សាំងពីក្នុងទៅក្រៅ, ពីរាជធានីភ្នំពេញចេញទៅបណ្តាខេត្ត-ក្រុងដូចជា ខេត្តកណ្តាល, ក្រុងព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ...។ កម្ពុជាធ្វើបានល្អណាស់»។
សាធារណមតិវៀតណាម ក៏បានលើកឡើងបន្ថែមទៀតផងដែរថា៖ «សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តត្រឹមត្រូវល្អណាស់ ទាក់ទងនឹងការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុចាប់ពី ១២-១៧ឆ្នាំ ព្រោះប្អូនៗកុមារជាអនាគតរបស់ប្រទេសជាតិ។ ការអនុញាតឲ្យសិស្សានុសិស្សចូលសាលារៀនវិញ បន្ទាប់ពីបានទទួលវ៉ាក់សាំងគ្រប់ៗគ្នាហើយនោះ គឺពិតជាអស្ចារ្យណាស់។ វៀតណាមត្រូវតែរៀនសូត្រតាម»។
សារព័ត៌មាន VN Express ក៏បានរំលឹកផងដែរថា មុនពេលជួយឧបត្ថម្ភវៀតណាម កម្ពុជាធ្លាប់បានផ្តល់សម្ភារៈបរិក្ខាសុខាភិបាល និងថវិកាជូនប្រទេសឡាវ, មីយ៉ាន់ម៉ា, ទីមរ័ឡែស និងនេប៉ាល់ផងដែរ ដើម្បីជួយប្រទេសទាំងនេះប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ដោយឡែកមួយទៀត លោក វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា បានលើកឡើងថា នៅដំណាក់កាលនេះ វៀតណាមគួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ នៅក្នុងដំណាក់កាល ដែលប្រទេសវៀតណាម កំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ។
ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នារាជធានីភ្នំពេញ ក្នុងឱកាសទទួលថវិកាពី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនមិត្តិភាពកម្ពុជា-វៀតណាម ដែលជាការជួយឧបត្ថម្ភដល់វៀតណាម ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕