(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត តាមរយៈប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប បានផ្តល់ឧបករណ៍តេស្តរហ័ស Rapid test ចំនួន ៣,០០០ ដល់មន្ទីរពេទ្យកុមារអង្គរ។

ការផ្តល់ជូននេះ គឺស្របពេលមន្ទីរពេទ្យនេះខ្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ បន្ទាប់ពីការប្រកាសរកឃើញករណីជំងឺកូវីដ១៩ ដំបូងកាលពីពេលថ្មីៗនេះ។ មន្ទីរពេទ្យក៏កំពុងខ្វះខាតឧបករណ៍សម្រាប់ធ្វើតេស្តអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ គឺជារឿងសំខាន់ បន្ទាន់ហើយចាំបាច់បំផុតក្នុងពេលនេះ។

ដោយមើលឃើញបញ្ហានេះ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លោក ជា វ៉ាន់ដេត បានបរិច្ចាគឧបករណ៍តេស្តរហ័ស Rapid Antigen test ចំនួន ៣,០០០តេស្ត និងចាត់ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប ប្រគល់ជូនមន្ទីរពេទ្យសម្រាប់ប្រើប្រាស់តាមតម្រូវការ៕