(បន្ទាយមានជ័យ)៖ អ្នកជំងឺកូវីដ១៩ម្នាក់ ដែលជាពលករខ្មែរមកពីប្រទេសថៃ ដែលបានរត់គេចពីមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាល័យកូប ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ត្រូវសមត្ថកិច្ចរកឃើញវិញហើយ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ និងបានបញ្ជូនទៅមណ្ឌលសម្រាកព្យាបាល។
សូមជម្រាបថា អ្នកជំងឺកូវីដ១៩ ដែលរត់គេចពីកន្លែងធ្វើចត្តាឡីស័កនេះ មានឈ្មោះ ធឿន ប៊ុនពេជ្រ អាយុ ៣០ឆ្នាំ។ បុរសរូបនេះ ជាពលករបម្រើការងារនៅខេត្តឈុនបូរី ប្រទេសថៃ ហើយបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។
សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលរត់គេចខ្លួនបុរសរូបនេះបានទៅសំងំលាក់ខ្លួនជាមួយប្រពន្ធ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខណៈផ្ទះរបស់គេនៅក្រុងសិរីសោភ័ណឯណោះ។ នៅពេលស្រាវជ្រាវ សមត្ថកិច្ចក៏បានទៅរកដល់ ផ្ទះរបស់គេផងដែរ និងបានឲ្យក្រុមគ្រួសារទាក់ទងទៅឈ្មោះ ធឿន ប៊ុនពេជ្រ ដើម្បីចូលខ្លួនមកព្យាបាល ទើបក្រោយមករូបគេ និងប្រពន្ធ បានព្រមចូលខ្លួនមកព្យាបាលតាមការណែនាំ។
សូមរំលឹកថា រាជរដ្ឋាភិបាល និងអាជ្ញាធរខ្មែរកំពុងយកចិត្តទុកជាខ្លាំងក្នុងការទប់ស្កាត់កុំឱ្យមានការចម្លងមេរោគកូវីដ១៩ ពីពលករខ្មែរមកពីប្រទេសថៃ ចូលទៅក្នុងសហគមន៍។ ក្តីបារម្ភរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនោះ ពលករមកពីប្រទេសថៃមួយចំនួនត្រូវបានរកឃើញមេរោគបំប្លែងថ្មី «ដែលតា» ដែលជាមេរោគឆ្លងលឿន និងបង្កទុក្ខទោសដល់សុខភាពខ្លាំង បើធៀបនឹងមេរោគដទៃ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់កុំឱ្យមេរោគ «ដែលតា» ឆ្លងចូលក្នុងសហគមន៍ ដែលអាចជាមហន្តរាយមួយសម្រាប់កម្ពុជា។ សម្តេចតេជោ បានណែនាំឱ្យរាល់ពលករខ្មែរមកពីប្រទេសថៃ ត្រូវធ្វើចត្តាឡីស័កនៅខេត្តដែលគេឆ្លងចូលមកនោះតែម្តង៕