(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកងកម្លាំងក្រោមឱវាទនាំយកសម្ភារមួយចំនួន ទៅប្រគល់ជូនជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ ដែលកំពុងធ្វើសកម្មភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួន៣ទីតាំង ក្នុងក្រុងព្រះវិហារ។
នៅក្នុងឱកាសនោះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងនូវការកោតសរសើរចំពោះក្រុមគ្រូពេទ្យ ដែលមួយរយៈពេលនេះ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ ក្នុងបុព្វហេតុជួយសង្គ្រោះ និងគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសក្នុងបរិបទជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី ២០កុម្ភៈមក។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា ស្របពេលដែលរាជរដ្ឋាភិបាល ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជានោះ ក្រុមគ្រូពេទ្យរបស់យើងការមានការ មមាញឹកខ្លាំងឡើង។ ដូច្នេះ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលកំពុងតែបំពេញសកម្មភាពដ៏មមាញឹកក្នុងការចាក់វ៉ាក់សាំងនេះ អង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំមកនូវសម្ភារមួយចំនួន មកប្រគល់ជូនជាការលើកទឹកចិត្តផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានណែនាំឱ្យប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង សូមថែរក្សារបៀបរៀបរយ ពោលគឺកុំប្រជ្រៀតគ្នា ត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។ ម្យ៉ាងវិញទៀត ត្រូវអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ» ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ១៩។
សូមបញ្ជាក់ថា សម្រាប់ទីតាំងចាក់វ៉ាក់មានចំនួន ៣កន្លែង និងសម្ភារៈមួយចំនួនរួមមាន៖ ទីតាំងស្ថិតនៅសាលាបឋមសិក្សា ជា ស៊ីម ត្បែងមានជ័យ ដែលទទួលបានសម្ភារៈរួមមាន៖ ទឹកបរិសុទ្ធ ២០កេស, ភេសជ្ជ:បាកាស ៤កេស, ទឹកក្រូច ៦កេស, ទីតាំងស្ថិតនៅ សាលាក្រុងព្រះវិហារ សម្ភារៈដែលទទួលបានរួមមាន៖ ទឹកបរិសុទ្ធ ១០កេស, ភេសជ្ជៈបាកាស ៣កេស, ទឹកក្រូច ៣កេស និងស្ថិតនៅសាលាបឋមសិក្សាប៉ាលហាល សម្ភារៈដែលទទួលបានរួមមាន៖ ទឹកបរិសុទ្ធ ១០កេស, ភេសជ្ជៈបាកាស ៣កេស, ទឹកក្រូច ៣កេស ផងដែរ៕