(រតនគិរី)៖ ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យអង្គភាព បានធ្វើតេស្តរកមេរោគកូវីដ១៩ លើមន្ត្រីអាវុធហត្ថចំនួន ៩២នាក់ តាមរយៈតេស្តរហ័ស (Rapid Test) ជាលទ្ធផលអវិជ្ជមានទាំងអស់។
លោកឧត្តសេនីយ៍ ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានឱ្យដឹងថា ដើម្បីឱ្យកម្លាំងដែលចូលរួមជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទាំងអស់ មានសុខភាពល្អ, កម្លាំងមាំមួនបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននោះ រូបលោកបានណែនាំឱ្យពួកគេឱ្យធ្វើតេស្តវិភាគសំណាក។
លោកបានបន្តថាក ម្លាំងខាងលើមកពីអង្គភាពអាវុធហត្ថមូលដ្ឋានក្រុងបានលុង និងទីបញ្ជាការអាវុធខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ ថាវ យ៉េន បានបញ្ជាក់ថា ចំពោះកម្លាំងអាវុធហត្ថមូលដ្ឋានតាមបណ្តាលស្រុកផ្សេងទៀតទូទាំងខេត្តនឹងធ្វើតេស្តវិភាគសំណាកនៅថ្ងៃរសៀលនេះ និងបន្តទៅថ្ងៃស្អែកបន្តទៀតពោល គឺកម្លាំងអាវុធហត្ថទាំងនាយ, នាយរង និងពលអាវុធហត្ថទាំងអស់។
ទន្ទឹមនោះដែរ លោកឧត្តសេនីយ៍ត្រី ថាវ យ៉េន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ឧបករណ៍តេស្តរហ័ស (Rapid Test) ដល់អង្គភាពសម្រាប់ធ្វើតេស្តវិភាគសំណាកជូនកងកម្លាំងអាវុធហត្ថនាពេលនេះ៕