(ព្រុចសែល)៖ ប៉ូលិសរបស់ប្រទេសប៊ែលហ្សិក បានធ្វើការស៊ើបអង្កេត និងបានរកឃើញភស្តុតាងមួយចំនួននៅតំណាក់កាលដំបូងនោះ គឺរូបថតដែលចាប់បានដោយកាមេរ៉ាសុវត្ថិភាពនៃព្រលានយន្តហោះ ដែលទទួលរងការបំផ្ទុះគ្រាប់បែក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Sky News ចេញផ្សាយនៅមុននេះបន្ដិច នាថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ ២០១៦។
តាមរយៈរូបភាពនេះ ប៉ូលិសអាចធ្វើការសន្និដ្ឋានតំណាក់កាលទីមួយ ថាបុរសពីររូបដែលពាក់អាវពណ៌ខ្មៅ ទំនងជាជនដែលបានដាក់បង្កៃគ្រាប់បែកឲ្យផ្ទុះ និងជនម្នាក់ទៀតដែលពាក់អាវពណ៌ស ទំនងជាអ្នកសហការជាមួយពួកគេទាំង២។
ពួកគេទាំង៣រូបនេះត្រូវបានកាមេរ៉ា ចាប់រូបភាពបាននៅតាមផ្លូវធ្វើដំណើរក្នុងព្រលានយន្តហោះ Zaventem ដោយពួកគេបានដើររុញរទេះដឹកឥវ៉ាន់ ឆ្លងកាត់កន្លែងនោះមុនពេលគ្រាប់បែកចំនួន ២គ្រាប់បានផ្ទុះ។ ជនទាំង ២នាក់ដែលឈរនៅក្បែរគ្នានោះ បានពាក់ស្រោមដៃខ្មៅ ដែលប៉ូលិសង្ស័យថាជាការលាក់បំពួនវត្ថុធាតុផ្ទុះដើម្បីត្រៀមធ្វើការវាយប្រហារ។
ជនសង្ស័យទី៣ ក៏បានព្យាយាមបំផ្ទុះគ្រាប់បែកដែរ ប៉ុន្តែគ្រាប់របស់គេមិនបានផ្ទុះនោះឡើយ។ បច្ចុប្បន្នប៉ូលិសប៊ែលហ្សិក កំពុងតែធ្វើការស៊ើបអង្កេត និងវែកមុខរកជនដៃដល់ ដែលបានបង្កការវាយប្រហារដោយ ភេរវកម្មដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសអឺរ៉ុបមួយនេះ៕