(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ និងការណែនាំផ្ទាល់ពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកស្រី អ៊ុច និពន្ធ អគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង និងលោកស្រី ឆាំ ម៉ារី អគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការសម្របសម្រួលនាំយកសម្ភារៈចាំបាច់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ជូនដល់ស្ត្រីជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ដែលទើបសម្រាលកូនរួច។
ប្រតិភូដែលដឹកនាំយកសម្ភារៈប្រគល់ ជូនដល់ស្ត្រីជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ នាពេលនេះរួមមានលោក ប៊ុត ផល្លា សមាជិក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងលោក អ៊ឹម ម៉ានិត អនុប្រធាននាយកដ្ឋានស៊ើបអង្កេត។ ក្រុមការងារបានចុះធ្វើការងារនេះ ដោយផ្ទាល់ជាមួយមណ្ឌលអប់រំកែប្រែទី២ (ម២)។
អំណោយដ៏ថ្លៃថ្លារបស់លោក កែវ រ៉េមី រួមមាន ទឹកដោះគោ និងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ទារិកា និងម្តាយ ជូនដល់ស្ត្រីជាជនជាប់ឃុំរូបនេះ ដែលកំពុងជួបការលំបាកក្នុងការថែទាំកូន និងខ្វះទឹកដោះបំបៅ។
បើតាមលោក ជិន ម៉ាលីន អនុប្រធាន និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកក្កដានេះថា គណៈកម្មាធិការសិទ្ធិមនុស្សមានបេសកកម្មច្រើន ក្នុងការលើកស្ទួយ ការការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ក្នុងចំណោមបេសកកម្មទាំងអស់នោះ គឺមានបេសកកម្មមួយ ដែលអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស គឺតែងតែចុះធ្វើការត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្ស ជាប់ជាប្រចាំរបស់អ្នកជាប់ឃុំ នៅក្នុងពន្ធនាគារ ដោយក្នុងនោះតែងតែផ្តល់ជំនួយផ្សេងៗ រួមមានជំនួយផ្នែកច្បាប់ និងជំនួយផ្នែកមនុស្សធម៌។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា សម្រាប់ជំនួយផ្នែកច្បាប់ គឺការផ្តល់មេធាវី ការពារក្តីដោយឥតគិតថ្លៃ សម្រាប់ជនដែលជាប់ឃុំដែលគ្មានមេធាវី រួមទាំងការប្រឹក្សាផ្នែកច្បាប់។ ចំណែកជំនួយផ្នែកមនុស្សធម៌ គឺមានការផ្តល់ជាថ្នាំសង្កូវ និងអាហារូបត្ថម្ភផ្សេងៗ សម្រាប់អ្នកដែលជាប់ឃុំដែលខ្វះខាតជាពិសេសស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលមានកូនតូចនៅជាមួយ ព្រមទាំងស្វែងរកអង្គការដៃគូនានា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលយកក្មេងទាំងនោះទៅចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការអប់រំជាដើម។ល។
សូមជម្រាបថា លោក កែវ រ៉េមី ជានិច្ចកាលតែងតែបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ នៅមណ្ឌលអប់ប្រែរំម២មក ដោយបានឃើញស្រ្តីម្នាក់ជាប់ឃុំ ដោយសារមានទោសច្រើនបូកផ្សំបញ្ចូលគ្នា រហូតដល់ជាប់ទោស១៦៥ឆ្នាំ។ អ្វីដែលសំខាន់ គឺមានកូននៅជាមួយ ក្នុងនាមជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកពិតជាមានក្តីអាណិត និងរន្ធត់ក្នុងចិត្តខ្លាំងណាស់ដែលចាំបាច់ ត្រូវខិតខំរកអង្គការណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលទទួលយកក្មេងនោះ ហើយដែលអាចផ្តល់ទាំងអាហារ និងចំណេះដល់ក្មេងបាន។
ចំពោះស្រ្តីម្នាក់ដែលជាប់ឃុំ១៦៥ឆ្នាំនេះដែរ គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្តល់កិច្ចអន្តរាគមន៍ជំនួយផ្នែកច្បាប់ ដោយបានផ្តល់មេធាវីចំនួន២រូប ដើម្បីការពារក្តីជូនដោយឥតគិតថ្លៃ ទីបំផុតរយៈពេលនៃការឃុំនេះ ត្រូវបានបន្ធូរបន្ថយមកត្រឹម១៩ឆ្នាំតែប៉ុណ្ណោះ។
បន្ថែមពីនេះ លោក កែវ រ៉េមី បានអំពាវនាវដល់មាតាបិតាកុំប្រព្រឹត្តល្មើសនឹងច្បាប់ ដែលធ្វើឱ្យប៉ះពាល់អនាគតកូនៗមិនទាន់ដឹងអ្វីនោះ ឱ្យទទួលរងគ្រោះដោយសារតែខ្លួន។ លោកក៏បានដាស់តឿនដល់នារី ដែលជាប់ឃុំនៅក្នុងមណ្ឌលអប់រំទាំងអស់ត្រូវខិតខំកែប្រែខ្លួន បន្ទាប់ពីអនុវត្តន៍ទោសរួចរាល់ ត្រូវធ្វើជាមនុស្សល្អនៅក្នុងសង្គម ដើម្បីជាម្លប់ដល់កូនៗទាំងអស់ និងជាពិសេសផ្តល់ឱកាសសម្រាប់ឱ្យកូនតូចទាំងនេះ បានចូលសិក្សាដូចកុមារដទៃផ្សេងទៀតផងដែរ៕