(ភ្នំពេញ)៖ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ស្ថាប័នអយ្យការបានខិតខំយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ ដោយមិនយោគយល់ជនទាំងឡាយណា ដែលប្រព្រឹត្តបទល្មើសគ្រឿងញៀន ព្រមទាំងធ្វើការផ្តន្ទាទោសជនល្មើសយ៉ាងម៉ឺងម៉ាត់ ដោយមិនអត់ឱនជាដាច់ខាត។
ការបញ្ជាក់បែបនេះរបស់លោក ច្រឹង ខ្មៅ បានធ្វើឡើងនៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ដែលត្រូវបំផ្លាញសរុបជិត៨តោន ដែលរៀបចំឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ព្រមទាំងមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
គ្រឿងញៀនដែលត្រូវបំផ្លាញដោយវិធីដុតសរុបមានចំនួន ៤ ៣៨៤ ៣១៧.៥៣ក្រាម ឬស្មើនឹង ៤ ៣៨៤.៣១៧គីឡូក្រាម និង
គ្រឿងញៀនដែលត្រូវបំផ្លាញដោយវិធីបន្សាប តាមបច្ចេកទេសគីមីសរុបមានចំនួន ៣ ២៣៩.៩៩៣ក្រាម ឬស្មើនឹង ៣ ២៣៩.៩៩៣គីឡូក្រាម។
បើតាមលោក ច្រឹង ខ្មៅ បរិមាណគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់នេះ គឺពួកក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀន ធ្វើជាមុខរបរជំនួញរបស់ពួកគេ ហើយគ្រឿងញៀននេះ បានពង្វក់ស្មារតីអូសទាញដល់ជនស្លូតត្រង់ភាគច្រើន ជាយុវវ័យបានប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗដូចជា៖ អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បត្តិ បង្កើតជាក្រុមបងតូចបងធំ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បង្កភាពអសន្តិសុខ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសាធារណ ក្នុងសង្គមជាតិ។
ព្រះរាជអាជ្ញារាជធានីភ្នំពេញបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចំណែកសមត្ថកិច្ចរបស់យើងទាំងមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអយ្យការ តុលាការ បានខិតខំយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ ដោយមិនយោគយល់ ឬអត់ឱនឱ្យជនទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសទាំងអស់នេះ តុលាការនឹងផ្តន្ទាទោសជនល្មើសយ៉ាងម៉ឺងម៉ាត់ តាមបញ្ញត្តិច្បាប់ជាធរមាន»។
លោក ច្រឹង ខ្មៅ បានបន្ថែមថា ដោយសារសារធាតុគីមីផ្សំ និងសារធាតុគីមីប្រភេទខ្លះ មានលក្ខណៈគីមី ឆាបឆេះខ្លាំង និងបង្កើតកម្រិតពុលខ្ពស់ មិនអាចធ្វើការបំផ្លាញដោយវិធីដុតបាន ព្រោះពាក់ព័ន្ធបញ្ហាសុវត្ថិភាព និងបរិស្ថាន។ ក្រុមការងារបច្ចេកទេស បានធ្វើការបែងចែករបៀបបំផ្លាញជាពីរវគ្គដាច់ដោយឡែកពីគ្នា គឺការបំផ្លាញដោយវិធីដុត និងការបំផ្លាញដោយវិធីបន្សាប តាមបច្ចេកទេសគីមីមានសុវត្ថិភាព។ ចំពោះសារធាតុដែលត្រូវការបន្សាប គណៈកម្មការដុតបំផ្លាញគ្រឿងញៀន សម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបចេ្ចកទេស នៅពេលក្រោយ។
គ្រឿងញៀនដែលដុតនៅថ្ងៃនេះ គឺជាលទ្ធផលដែលសមត្ថកិច្ចបានបង្ក្រាប និងចាប់យកនៅក្នុងឆ្នាំ២០២០ ហើយក៏ជាលទ្ធផលនៃការអនុវត្តផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ និងលើកទី៦ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
សកម្មភាពនេះ គឺជាព្រឹត្តិការណ៍ដ៏ធំ លើកទី៦ ដែលបង្ហាញឱ្យសាធារណជន និងប្រជាពលរដ្ឋបានឃើញថា សមត្ថកិច្ចបានធ្វើការដុតបំផ្លាញវត្ថុតាងជាច្រើនលើសសព្វមួយដង ដែលបានបង្ក្រាបនាពេលកន្លងមក។
មានមតិជាច្រើនបានលើកឡើងថា សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានហើយ មិនដឹងជាយកទៅណា? នេះគឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញឱ្យសារធារណជនទូទៅបានឃើញ និងបណ្តាញសារព័ត៌មាននានា ប្រើប្រាស់សម្រាប់ជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឱ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោល។
បរិមាណគ្រឿងញៀនដ៏ច្រើននេះ ប្រសិនបើសមត្ថកិច្ចបង្ក្រាបមិនទាន់ពេលនោះទេ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសអនាគតយុវវ័យ ដែលជាទំពាំងស្នងឫស្សីរាប់ពាន់ម៉ឺននាក់ជាក់ជាមិនខាននោះ គឺជាមហាសោកនាដកម្ម សម្រាប់មនុស្សជាតិគ្រប់រូប។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុគីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញចំនួន ៧តោន៥៥១គីឡូក្រាម៕