(ព្រៃវែង)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានចាត់ក្រុមការងារ យកឧបត្ថម្ភថវិកា ចំនួន១២៤,៥៦០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួម ជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឆុំ ស៊ត ស្នងការរងហិរញ្ញកិច្ច និងភស្តុភារ តំណាងលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ បាននាំយកថវិការបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រគល់ជូនលោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីទុកសម្រាប់ជួយទ្រទ្រង់បន្តដល់ សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងភាពរស់រវើក។
លោកឧត្តមសេនីយ៍ទោ ឆុំ ស៊ត ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នាពេលនេះ គឺបានពីការចូលរួមឧបត្ថមត្ភពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសូងមហាផ្ទៃ, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង និងសប្បុរសជននានា។
លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ថវិកានេះ ស្តែងចេញឲ្យពីទឹកចិត្តសប្បុរស និងក៏ជាវប្បធម៌ នៃការចែករំលែកជួយគ្នា ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
លោកឧត្តមសេនីយ៍បន្តថា ថ្វីត្បិតកម្ពុជាបច្ចុប្បន្នក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសផ្សេងៗទៀតលើសកលលោក ដែលបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏ដោយក៏ប៉ុន្តែថវិកាដែលប្រមូលបាននៅតែមានចំនួនច្រើន នេះសបញ្ជាក់ឲ្យឃើញពីភាពជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ក្នុងការរួមចំណែកលើវិស័យមនុស្សធម៌។
ក្នុងឱកាសនោះ លោកឧកញ៉ា សុខ ផេង បានសម្តែងនូវការគោរពកោតសរសើរ និងថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ស ខេង, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងសប្បុរសជននានា ដែលជារៀងរាល់ឆ្នាំបានលះបង់ធនធានថវិកាផ្ទាល់ ក្នុងការចូលរួមជាកាកបាទក្រហមកម្ពុជា និយាយជារួម និយាយដោយឡែកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា។
លោកឧកញ៉ា សុខ ផេង បានគូសបញ្ជាក់ថា នៅជិត២អាណត្តិ ដែលនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ធ្វើជាប្រធានកិត្តិយសសាខា បានខិតខំកៀរគរធនធានថវិកា ដើម្បីជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខា ជាពិសេសធ្វើឲ្យសាខាមានលទ្ធភាពឆ្លើយតបបានទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយនានា។ លោកថា ជាមោទនភាពរបស់សាខាកាកបាទក្រហមខេត្ត គឺយើងគ្រប់គ្រងធនធានហិរញ្ញុវត្ថុបានល្អ ដោយឈរលើគោលការណ៍តម្លាភាព និងគណនេយ្យភាព។
លោកឧកញ៉ា សុខ ផេង បានលើកឡើងដោយមោទនភាពទៀតថា ទោះស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ប៉ុន្តែសាខាកាកបាទក្រហមខេត្ត នូវតែទទួលបានការឧបត្ថម្ភគាំទ្រជាច្រើនពីសប្បុរសជននានា ហើយជាគ្នានោះសាខាខេត្ត ក៏បានចូលរួមជាមួយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត ដោយបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជាច្រើន ដើម្បីចែកជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមបណ្តាក្រុង-ស្រុក នៅទូទាំងខេត្តផងដែរ។
ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង លោកសន្យានឹងចាត់ចែងប្រើប្រាស់ថវិកាដែលទទួលបាននៅពេលនេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងចំគោលដៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។ ជាពិសេសដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងការការពារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩៕