(ព្រះវិហារ)៖ លោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចាត់តាំងក្រុមការងារ នាំយកថវិកា សម្ភារនិងគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ ដែលកំពុងឈរជើងការពារនៅតំបន់បិទខ្ទប់ ៦គោលដៅទូទាំងក្រុងព្រះវិហារ។
នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក រស់ សុធី ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការការនគរបាលខេត្ត ជូនចំពោះកងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋាន ដែលបាននិងកំពុងរួមគ្នា ពង្រឹងការអនុវត្តន៍បទបញ្ជារបស់រដ្ឋបាលខេត្តព្រះវិហារ លើតំបន់ដែលបានបិទខ្ទប់បណ្តោះអាសន្ន ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោករស់ សុធី បានថ្លែងបន្តទៀតថា ស្របពេលដែលជំងឺកូវីដ.១៩ កំពុងតែឆ្លងរីករាយដាលចូលក្នុងសហគមន៍ ពិសេសនៅក្នុងខេត្តព្រះវិហារនោះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកមានការព្រួយបារម្ភណាស់ ចំពោះការបំពេញតួនាទី ភារកិច្ចរបស់កងកម្លាំងរបស់យើង ដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩គ្រប់ពេលវេលា។
ប៉ុន្តែលោកឧត្តមសេនីយ៍ទោស្នងការ ក៍បានផ្តាំផ្ញើអោយកងកម្លាំងយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ការពារខ្លួនកុំអោយឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍អោយបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងអង្គភាពរបស់យើងពីជំងឺកូវីដ-១៩។
សូមបញ្ជាក់ថាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលនាំទៅប្រគល់ជូននៅពេលនេះរួមមាន៖ ទឹកបរិសុទ្ធ ៦០កេស, ទឹកផ្លែឈើ ៥កេស, ទឹកអាល់កុល ២០លីត្រ, ម៉ាស ១០ប្រអប់, និងថវិកា ១លានរៀល ថែមទៀតផង។
គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រះវិហាររកឃើញជំងឺកូវីដ-១៩ ចំនួន៣៤៩ករណី បានព្យាបាលជាសះស្បើយចំនួន១៥២ករណី ស្លាប់១ករណី និងកំពង់សម្រាកព្យាបាលចំនួន១៩៦ករណីទៀត៕