(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរសេនាតូចលេខ៩១១ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ៣នាក់ពេលពួកគេព្យាយាមលួចឆ្លងដែនពីថៃចូលមកប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចមួយក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងសាគូ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំងបីនាក់នេះ មានឈ្មោះ ឡឹក ត្រា ភេទប្រុស អាយុ៤១ឆ្នាំ, ឈ្មោះ ហោ ណា ភេទស្រី អាយុ៤១ឆ្នាំ និងឈ្មោះ ត្រា ធី ភេទស្រី អាយុ ១៧ឆ្នាំ ដែលអ្នកទាំងបីនាក់នេះរស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាមួយគ្នា។
ក្រោយឃាត់ខ្លួន កម្លាំងនគរបាលប៉ុស្តិ៍បឹងសាគូ ក៏បានបញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត ដើម្បីធ្វើចត្តាឡីស័កបង្ការការរីករាលដាលជំងឺកូវីដ១៩។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ «៣ការពារ ៣កុំ» ជាពិសេសពេលត្រឡប់មកពីប្រទេសថៃ ត្រូវចូលរួមសហការផ្តល់ការធ្វើចត្តាឡីស័ក៕