(ព្រះវិហារ)៖ តំណាងរាស្ត្រ សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះបង្រៀនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ពីរបៀបស្លៀកពាក់ខោអាវ PE ដើម្បីការពារសុវត្ថិភាពពីមេរោគកូវីដ-១៩ របៀបបាញ់ថ្នាំសម្លាប់មេរោគ និងការធ្វើតេស្តរកមេរោគកូវីដ១៩ ជាដើម។
ក្នុងឱកាសនោះ លោក សួស យ៉ារ៉ា ក៏បានប្រគល់សម្ភារបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលខេត្តព្រះវិហារ និងក្រុមការងារយុវរជនគណបក្សខេត្តផងដែរ។
លោកបានកោតសរសើរដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើការងារសង្គម និងការងារគណបក្សបានយ៉ាងល្អ ហើយបានលើកទឹកចិត្តឱ្យក្រុមយុវជនទាំងនេះ ខិតខំបន្តការជួយការងារសង្គមតទៅទៀត។
តំណាងរាស្ត្ររូបនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នការពារពីជំងឺកូវីដដោយខ្លួនឯង ពោលត្រូវតាមដានសភាពការណ៍តាមក្រសួងសុខាភិបាល និងតាមសាររបស់សម្តេចតេជោ ហ៊ុន សែន ឱ្យទៀងទាត់។
លើសពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅថា «បើមិនទាន់កើតជំងឺកូវីដ-១៩ទេ ត្រូវមានការការប្រុងប្រយ័ត្នឱ្យបានខ្ពស់ តែបើឆ្លងជំងឺនេះហើយ សូមកុំភ័យពេកផ្ទុយទៅវិញ ត្រូវរកវិធីការពារ ព្រោះការភ័យនេះជាមូលហេតុដែលនាំឱ្យគ្រោះថ្នាក់»៕