(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានចុះទៅប្រកាសសេចក្តីសម្រេចតែងតាំងមន្ត្រីស្នាក់ការគណបក្សឃុំក្នុងស្រុកបាកានចំនួន ២៧នាក់ និងសេចក្តីសម្រេចស្តីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សស្រុកបាកាន។

បន្ទាប់ពីលោក សាយ សុជាតិ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអានសេចក្តីសម្រេចស្តីពីការតែងតាំងមន្ត្រីស្នាក់ការគណបក្សឃុំនោះរួចមក លោក ខៀវ ចែ អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងតំណាងឱ្យលោក លោកស្រី ជាប្រធាន អនុប្រធាន និងជំនួយការគណបក្សឃុំ ក្នុងស្រុកបាកានទាំងមូល បានប្តេជ្ញាចិត្តចំនួន៧ចំណុចរួមមាន៖

១៖ បែងចែកភារកិច្ចទទួលបន្ទុកខុសត្រូវ តាមសេចក្តីកំណត់លេខ២២ សណ.គក ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ១៩៩៥ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីមុខងារ ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់ស្នាក់ការគណបក្ស ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់។

២៖ រៀបចំការប្រជុំគណៈកម្មាធិការគណបក្សស្រុក និងគណបក្សឃុំឱ្យបានទៀងទាត់ប្រចាំខែ តាមប្រតិទិន ដែលបានអនុម័តរួចហើយ។

៣៖ រៀបចំការប្រជុំជាមួយគណៈកម្មាធិការគណបក្សឃុំចំណុះ និងគណៈគណកម្មាធិការសាខា តាមបណ្តាការិយាល័យ អង្គភាពចំណុះ ១ខែម្តង និងករណីចាំបាច់ ប្រជុំជាវិសាមញ្ញ។

៤៖ រៀបចំកសាងកម្មវិធីចុះជួយមូលដ្ឋានជាប្រចាំ ដើម្បីលើកទឹកចិត្តមូលដ្ឋាន និងជំរុញការងារ របស់មូលដ្ឋានឱ្យបានសកម្ម។

៥៖ រៀបចំពង្រឹងរបបរាយការណ៍ជាប្រចាំ ជូនគណបក្សថ្នាក់លើរបស់ខ្លួនរៀងរាល់ខែ ក្នុងករណីចាំបាច់ ត្រូវរាយការណ៍ផ្ទាល់មាត់ ដើម្បីទាក់ទងថ្នាក់លើដោះស្រាយជាបន្ទាន់។

៦៖ រៀបចំពង្រឹងដល់គណៈជំនាញរបស់គណបក្សជាប្រចាំ ដូចជាការងារចាត់តាំងការងារឃោសនាអប់រំការងារត្រួតពិនិត្យគណបក្ស និងការងាររដ្ឋបាល ហិរញ្ញវត្ថុ។

៧៖ រៀបចំបែងចែកវេនប្រចាំការ នៅស្នាក់ការគណបក្សគ្រប់ថ្នាក់ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីទំនាក់ទំនងការងារជាមួយគ្រប់មជ្ឈដ្ឋាន ជាមួយសមាជិកគណបក្ស ពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខ។

លោក ម៉ៅ ធនិន បានថ្លែងថា តួនាទីដែលផ្ដល់ជូននាពេលនេះ គឺជាអំរែកចំនួពីរ ដោយម្ខាងរែករាស្រ្ត និងម្ខាងរែកច្បាប់។ នៅពេលទទួលបានតួនាទីហើយ ត្រូវធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋក្នុងការដឹកនាំមូលដ្ឋាន ប្រកបដោយភាពថ្លៃថ្នូរ កុំឱ្យប្រជាពលរដ្ឋខកចិត្ត និងបាត់ជំនឿមកលើក្រុមការងារ។

ជាមួយគ្នានោះ ត្រូវមានវប្បធម៌ចែករំលែក និងត្រូវចងចាំពាក្យប៉ុន្មានឃ្លាថា «នៅពេលដែលយើងទទួលទានឆ្អែត យើងត្រូវស្រមៃឃើញអ្នកដែលកំពុងតែស្រេកឃ្លាន, នៅពេលយើងក្រយើងត្រូវរកឱ្យមាន នៅពេលដែលយើងមានយើងត្រូវជួយអ្នកក្រវិញ»

លោកក៏បានណែនាំ និងដាក់ផែនការដល់អាជ្ញាធរមូលដ្ឋាន ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងដាក់ទិសដៅចំនួន ៤ចំណុចធំៗ ដើម្បីឆ្ពោះទៅទទួលយកជ័យជំនះទៅថ្ងៃខាងមុខ៖

១៖ សូមឱ្យមានអ្នកប្រចាំការ នៅស្នាក់ការគណបក្សស្រុក/ឃុំ ដើម្បីរងចាំបំពេញតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ

២៖ បេក្ខភាពឈរឈ្មោះ (ក្រុមប្រឹក្សាឃុំ) សូមពង្រឹង និងពង្រីកសមត្ថភាព ដោយយកតួនាទីទៅផ្សារភ្ជាប់នឹងសុខទុក្ខប្រជាពលរដ្ឋ

៣៖ បន្តចុះជាប់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ ពីជីវភាព បញ្ហាប្រឈម និងសុខទុក្ខពួកគាត់ ធ្វើការដោះស្រាយ

៤៖ សូមជ្រើសរើស ភ្នាក់ងារសង្គេតការណ៍ កើតចេញពីកូនក្មួយយុវជនយើង ដែលមានសមត្ថភាព មានភាពត្រឹមត្រូវ ចេះច្បាប់ និងមានស្មារតី ឆន្ទៈច្បាស់លាស់៕