(ភ្នំពេញ)៖ អំណោយជាសម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ជូនដល់ប្រទេសវៀតណាម រួមមានម៉ាសធម្មតាជាង១លានបន្ទះ និងម៉ាស N95 ចំនួន១សែនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង បានរៀបចំដាក់លើយន្ដហោះរួចរាល់ហើយ នឹងត្រៀមដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះ។
នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា «ខ្ញុំនឹងដឹកនាំក្រុមការងារដោយផ្ទាល់ ដើម្បីនាំយកអំណោយជាសម្ភារបរិក្ខារពេទ្យ ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលនឹងចេញដំណើរ នៅវេលាម៉ោង៧ព្រឹកស្អែកនេះ»។
សូមជម្រាបថា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។
ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។
ដូចនេះ អំណោយដែលផ្តល់ជូនប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ១៩ ថវិកាសរុប ៣៥ម៉ឺនដុល្លារ, ម៉ាសធម្មតា១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង៕