(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី១៧ ខែកក្កដា បានចុះសាកសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ១០៥គ្រួសារ ដែលកំពុងស្ថិតនៅតំបន់បិទខ្ទប់ (តំបន់លឿងទុំ) ក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ក្នុងឱកាសនោះ លោក គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្ដីនឹករលឹកយ៉ាងខ្លាំងមកចុះពោះកូនចៅ ប្រជាពលរដ្ឋទូទាំងប្រទេស។
លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ខណ:ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នេះ និងព្យាបាលអ្នកឆ្លងឲ្យជាសះស្បើយបានយ៉ាងច្រើនលើសលប់ ។
លោកអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង ១០៥គ្រួសារ ត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺ-១៩ ពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន «៣ការពារ ៣កុំ» ឱ្យបានដើម្បីបញ្ចៀសនូវការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រនេះផ្ទាល់ និងដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមិនឱ្យមានការឆ្លងចូលក្នុងសហគមន៍បន្ថែមទៀត។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានប្រជាពលរដ្ឋចំនួន២៧នាក់ បានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងភូមិស្វាយមីង និងត្រូវបានដាក់ជាតំបន់លឿងទុំ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។
គួរជម្រាបថា អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនក្នុងម្នាក់ទទួលបាន៖ អង្ករ ២០គីឡូក្រាម, ទឹកសុទ្ធ ១កេស ត្រីខ ១យួរ មី ១កេស អាល់កុល ១ដប ទឹកត្រី ១យួរ ម៉ាស ១០បន្ទះ និងថវិកា ៣ម៉ឺនរៀល៕