(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក «ដាំដើមឈើផ្តើម ចេញពីអ្នក» ឬ «ទេសចរម្នាក់ ដើមឈើមួយដើម»។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងពិធីដាំដើមឈើ ដើម្បីអបអរសាទររុក្ខទិវា៩កក្កដា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតនៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
លោកអភិបាលខេត្តបានលើកឡើងថា ការដាំឈើដែលបានរៀបចំឡើងនាពេលនេះ មានអត្ថន័យនយោបាយ និងមានសារៈសំខាន់ដ៏ខ្ពង់ខ្ពស់សម្រាប់បំផុសស្មារតីមហាជនឱ្យបានយល់ដឹងអំពីគុណប្រយោជន៍នៃដើមឈើ ព្រមទាំងក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការដាំដើមឈើ ដើម្បីជាសុភមង្គល និងសេចក្តីសុខចម្រើននៃប្រទេសជាតិ។
លោកអភិបាលខេត្តបន្តថា ការដាំដើមឈើនាឱកាសនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្ដែងនូវការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានជំរុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាមបណ្តាក្រុង/ស្រុកនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក ដាំដើមឈើផ្តើមចេញពីអ្នក ឬ ទេសចរម្នាក់ ដើមឈើមួយដើម។
«ការដាំឈើនៅតាមសាលារៀន និងវត្តអារាមនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាពិសេសគឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត»។ លោក គង់ សោភ័ណ្ឌ បញ្ជាក់បន្ថែម។
លោកអភិបាលខេត្តក៏បានលើកឡើងទៀតថា «ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ខ្ញុំសូមជំរុញឱ្យគ្រប់ក្រុង ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់យកទីតាំង នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយ សម្រាប់ធ្វើការដាំដើមឈើ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើរួមទាំងដាំដើមឈើហូបផ្លែផងដែរ ឱ្យបានគ្រប់ទី កន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យបាន ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង»។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការដាំដើមឈើមានសារសំខាន់ណាស់ ប៉ុន្តែការសំខាន់ជាងនេះទៅទៀត គឺការថែទាំដើមឈើឱ្យរស់លូតលាស់ល្អ វាជាការប្រសើរបំផុត៕