(ភ្នំពេញ)៖ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Amru Rice បានបញ្ជាក់ឲ្យដឹងថា ម្ចាស់រោងម៉ាស៉ិនកិនស្រូវ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្ដទិញស្រូវពីប្រជាកសិករជាបន្ដបន្ទាប់ មិនឲ្យមានបញ្ហាទីផ្សារនោះឡើយ តែតម្លៃអាចមានការប្រែប្រួល ដោយសារតែទីផ្សារស្ថិតក្នុងដំណាក់កាលមិនប្រាកដប្រជា ព្រោះតម្លៃដឹកជញ្ជូនឡើងថ្លៃកប់ពពក។
ឧកញ៉ា សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវគិតថានៅក្នុងយុទ្ធនាការទីផ្សារ គឺមិនដែលគ្មានទីផ្សារនោះទេ ទីផ្សារវាអាចល្អជាងឆ្នាំមុន ឬក៏វាអាចមិនល្អ [...] អ្វីដែលបងប្អូនធ្វើបានផលច្រើន គឺល្អហើយ [...] ខាងយើងធានាថា នឹងទិញតាមទីផ្សារ»។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា សព្វថ្ងៃស្ដុបស្រូវភាគច្រើន មានអ្នកបញ្ជាទិញរួចអស់ហើយ ត្បិតតែយើងមិនទាន់មានការដឹកជញ្ជូនឲ្យគេមែន ប៉ុន្ដែគេបានទិញយើងរួចទៅហើយ គ្រាន់តែយើងមិនទាន់មានលទ្ធភាពដឹកជញ្ជូនឲ្យគេបាន។ នៅពេលណាស្ដុបនៅក្នុងឃ្លាំង មានការដឹកជញ្ជូនអស់ ហើយមានស្ដុបថ្មី សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្ដទិញស្រូវអង្ករពីប្រជាកសិករ ជាបន្ដបន្ទាប់ទៀត។
ឧកញ៉ាបានថ្លែងថា «យើងនៅតែទិញដដែលគ្រាន់តែថា តើឲ្យតម្លៃថេរ ល្អរហូត រក្សាបាននូវតម្លៃខ្ពស់ជាងមុន ឬក៏រក្សាតម្លៃដដែល ឬក៏អាចធ្លាក់ចុះជាងមុន ទៅតាមស្ថានភាពទីផ្សារ ដែលយើងជួបប្រទះ»។
ទីផ្សារសព្វថ្ងៃ គឺមានការធ្លាក់ចុះ, តម្លៃអង្ករនៅប្រទេសថៃ ធ្លាក់ចុះជាង៥០% ដែលធ្លាប់តែលក់ក្នុងតម្លៃ ១តោនជាង១ពាន់ដុល្លារ ដែលជាប្រភេទអង្ករប្រណិត ធ្លាក់ចុះនៅសល់តែជាង៦០០ដុល្លារប៉ុណ្ណោះ។
លោកថា ការធ្លាក់ចុះតម្លៃនេះ បើសិនជាយើងមើលនៅក្នុងប្រទេសកម្ពុជា គឺមិនដូចប្រទេសថៃទេ គឺអង្ករកម្ពុជា ធ្លាក់ចុះប្រហែលជាង១០០ដុល្លារប៉ុណ្ណោះ ក្នុង១តោន៖ «យើងនឹងបន្ដទិញ ហើយតម្លៃធ្លាក់ចុះតិចតួច ឬក៏វាអាចលើសមុន អាស្រ័យទៅលើទីផ្សារ»។
គូសបញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារគោលដៅទាំង៤៩ នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០ ៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារសហរដ្ឋអាមេរិក។
ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។ ការធ្លាក់ចុះនេះ ដោយសារបញ្ហាប្រឈម លើការដឹកជញ្ជូនកង្វះសំបកកុងតឺន័រ ហើយតម្លៃដឹកជញ្ជូនក្នុង១ទូរកុងតឺន័រ ឡើងថ្លៃពី៥-១០ដង បើធៀបនឹងរយៈពេលមុនផ្ទុះការរីករាលដាល នៃជំងឺកូវីដ១៩៕