(ភ្នំពេញ)៖ ដោយមើលឃើញថា ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ព្រមទាំងខេត្តបាត់ដំបង ដែលនៅជាប់ព្រំដែនប្រទេសថៃ មានការឆ្លងជំងឺកូវីដ១៩ ច្រើននោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានមូលនិធិ ហោ ណាំហុង-បូរី ហោ បានឧបត្ថម្ភម៉ាសចំនួន ៣០ម៉ឺនបន្ទះ ដល់រដ្ឋបាលខេត្តទាំង៣ ដើម្បីជាការរួមចំណែក យកទៅចែកជូនប្រជាជន ស្របពេលដែលខេត្តខាងលើក៏មានពលករខ្មែរ ត្រលប់មកពីប្រទេសថៃយ៉ាងច្រើនផងដែរ។ ក្នុងចំណោមម៉ាសទាំងអស់ គឺក្នុងមួយខេត្តៗ ទទួលបានចំនួន ១០ម៉ឺនបន្ទះ។
លោក ជេត ណារ៉ែន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានតំណាងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រគល់ម៉ាសទាំងនេះ ដល់តំណាងរដ្ឋបាលខេត្តទាំង៣ ដែលពិធីប្រគល់ និងទទួល បានធ្វើឡើងនៅថ្ងៃទីអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ នាទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងនាមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, លោក ជេត ណារ៉ែន បានផ្តាំផ្ញើដល់រដ្ឋបាលខេត្តទាំង៣ ពេលយកម៉ាសទៅចែកក្នុងមូលដ្ឋាន ត្រូវបន្តក្រើនរំលឹកប្រជាពលរដ្ឋ អនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចៀសវាងការដាលជំងឺកូវីដ១៩។ សូមជម្រាបថា អំឡុងពេលជំងឺកូវីដ១៩ រាលដាលក្នុងប្រទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តែងតែឧបត្ថម្ភថវិកា និងសម្ភារ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវជានិច្ច៕