(ព្រៃវែង)៖ មន្ត្រីយោធាពាក់សក្កិ៣ម្នាក់ ផឹកស៊ីស្រវឹងជោកជាំទាញកាំភ្លើងបាញ់បង្អួតអ្នកភូមិជិត ២០គ្រាប់ ផ្អើលដល់ប្រជាពលរដ្ឋ ខណៈដែលមកលេងស្រុកកំណើតខាងអតីតប្រពន្ធរបស់ខ្លួន។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមេទឹកអូរាំង ក្នុងភូមិពាក់ស្បៃ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលដកកាំភ្លើងបាញ់បោះខាងលើឈ្មោះ តាន់ ជីវ័ន្ត ភេទប្រុស អាយុប្រហែល ៥២ឆ្នាំ រស់នៅឯភ្នំពេញ ដោយជិះរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ(ភ្នំពេញ) 2L -8960។ មុនពេលឈានដល់ការបាញ់បោះនេះ គេឃើញឈ្មោះតាន់ ជីវ័ន្ត និងមានបុរស៣នាក់ទៀតនៅឈរក្បែរគ្នា រំពេចនោះ ស្រាប់តែឈ្មោះ ជីវ័ន្ត ដកកាំភ្លើងខ្លីពីចង្កេះបាញ់រះពីក្រោមឡើងលើ បង្កឲ្យភ្ញាក់ផ្អើលភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិ ជាពិសេសក្មេងៗដែលទៅឃ្វាលគោក្របី។
ជុំវិញរឿងរ៉ាវបាញ់បោះសេរីនេះភ្នាក់ងារ Fresh News មិនអាចទំនាក់ទំនងទៅលោកអធិការនគរបាលស្រុកពារាំងបានទេ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ។
ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅស្រុកពារាំង បានស្នើដល់ស្នងការនគរបាលខេត្តព្រៃវែង ត្រូវមានវិធានការតាមផ្លូវច្បាប់ចំពោះជនបាញ់បោះសេរីនេះផង ដើម្បីអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ចំណែកលោក ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ថា ចំពោះរឿងរ៉ាវបាញ់បោះនៅស្រុកពារាំងនេះ ទើបតែទទួលបានព័ត៌មានល្ងាចមិញនេះ ហើយបានឲ្យអធិការនគរបាលស្រុកពារាំង ចុះស្រាវជ្រាវជុំវិញករណីនេះហើយដែរ៕