(កណ្តាល)៖ មេបញ្ជាការអាវុធហត្ថវ័យក្មេងរបស់ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានជំរុញ និងដាក់ផែនការបន្ត ដល់កងកម្លាំងរបស់ខ្លួន ទូទាំងខេត្តត្រូវបង្កើន សកម្មភាពចុះល្បាត ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានកាន់តែប្រសើរឡើង ជាពិសេសការទប់ស្កាត់បទល្មើស មួយចំនួន ដែលរំខានការរស់នៅ និងការរកស៊ីប្រចាំរបស់ពួកគាត់។
លោកមេបញ្ជាការ ក៏បានសង្កត់ ធ្ងន់ចំពោះកងកម្លាំងអាវុធហត្ថ ដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺនចំនួន៧៥នាក់ ត្រូវស្តាប់តាមបទបញ្ជាប្រធានអង្គភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងមានការទទួសខុសត្រូវ។
នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានអញ្ជើញ ចូលរួមពិធីបិតវគ្គ ហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថឆមាសទី១ឆ្នាំ២០១៦ ដោយមាន ការចូលរួមពី មេបញ្ជាការរង នាយសេនាធិការង ប្រធានអនុមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ ក្រុងស្រុកព្រមទាំងសិក្ខាកាមរៀនសូត្រ សរុបចំនួន១១០នាក់ ដែលមានរយៈពេល១៥ថ្ងៃ។
នៅចំពោះមុខកងកម្លាំងរបស់ខ្លួន មេបញ្ជាការអាវុធហត្ថ រួបនេះ បានលើកឡើងនូវបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោកអភិបាលខេត្តកណ្តាល ដែលជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត លើការស្វែងរកសន្តិសុខតាមមូលដ្ឋានជូនប្រជាពលរដ្ឋ តាមរយៈការទប់ស្កាត់ និងបង្ក្រាបបទល្មើសមួយចំនួន ដែលអាចកើតមានឡើង។
លោកបានប្រាប់ទៅកម្លាំងរបស់ខ្លួនទាំងអស់ ត្រូវកសាងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះតាមគ្រប់រូបភាព និងដាច់ខាតមិនត្រូវ ជាប់ព័ន្ធនឹងបទល្មើសអ្វីមួយនោះឡើយ។
ក្រោយបញ្ចប់ការសំណេះសំណាល លោកឧត្តមសេនីយ៍ មេបញ្ជាការរូបនេះបានឧបត្ថម្ភដល់គ្រូ និងសិស្សគំរូនូវអាវមួយ និង ថវិកាមួយចំនួនដើម្បីលើកទឹកចិត្តផងដែរ៕