(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៩៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តបានឱ្យដឹងថាអ្នកវិជ្ជមានថ្មីនេះ ករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី២ ដល់ទី៣៣ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៣៤ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ ។
ករណីទី៣៥ ដល់ទី៣៦ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់, ករណីទី៣៧ ដល់ទី៧៣ គឺជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក, ករណីទី៧៤ ដល់ទី៧៥ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីខេត្តកំពង់ធំ និងខេត្តបាត់ដំបង, ករណីទី៧៦ ដល់ទី៨១ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ។
ករណីទី៨២ ដល់ទី៨៦ ករណីមានប្រភពចម្លងចេញពីពន្ធនាគារខេត្តសៀមរាប, ករណីទី៨៧ ដល់ទី៩០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីទី៩១ ដល់ទី៩៦ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
អ្នកជាសះស្បើយទាំង ៦២នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣,០២២នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១,២២៧នាក់ ស្លាប់២៦នាក់ និង១,៧៦៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕