(បន្ទាយមានជ័យ)៖ អ្នកជំងឺកូវីដ១៩ម្នាក់ ដែលជាពលករខ្មែរមកពីប្រទេសថៃ បានរត់គេចពីមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាល័យកូប ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

យោងតាមប្រភពព័ត៌មានដែលទទួលបាន បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ដែលរត់គេចពីកន្លែងធ្វើចត្តាឡីស័កនេះ មានឈ្មោះ ធឿន ប៊ុនពេជ្រ អាយុ ៣០ឆ្នាំ។ បុរសរូបនេះ ជាពលករបម្រើការងារនៅខេត្តឈុនបូរី ប្រទេសថៃ ហើយបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

កម្លាំងសមត្ថកិច្ចកំពុងតាមស្វែងរកអ្នកជំងឺកូវីដ១៩រូបនេះ។ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានឃើញបុរសរូបនេះ សូមសហការរាយការណ៍ជូនទៅអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់។

រាជរដ្ឋាភិបាល និងអាជ្ញាធរខ្មែរកំពុងយកចិត្តទុកជាខ្លាំងក្នុងការទប់ស្កាត់កុំឱ្យមានការចម្លងមេរោគកូវីដ១៩ ពីពលករខ្មែរមកពីប្រទេសថៃចូលទៅក្នុងសហគមន៍។ ក្តីបារម្ភរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនោះ ពលករមកពីប្រទេសថៃមួយចំនួនត្រូវបានរកឃើញមេរោគបំប្លែងថ្មី «ដែលតា» ដែលជាមេរោគឆ្លងលឿន និងបង្កទុក្ខទោសដល់សុខភាពខ្លាំង បើធៀបនឹងមេរោគដទៃ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់កុំឱ្យមេរោគ «ដែលតា» ឆ្លងចូលក្នុងសហគមន៍ ដែលអាចជាមហន្តរាយមួយសម្រាប់កម្ពុជា។ សម្តេចតេជោ បានណែនាំឱ្យរាល់ពលករខ្មែរមកពីប្រទេសថៃ ត្រូវធ្វើចត្តាឡីស័កនៅខេត្តដែលគេឆ្លងចូលមកនោះតែម្តង៕